អឺរ៉ុប៖ ប្រធានគណៈកម្មការអឺរ៉ុបលោកស្រី Ursula von der Leyen បាននិយាយថា ភាពជាដៃគូជាមួយសហរដ្ឋអាមេរិកនឹងកាត់បន្ថយការពឹងផ្អែករបស់អឺរ៉ុបលើថាមពលពីរុស្ស៊ី និងបញ្ឈប់លំហូរប្រាក់រាប់ពាន់លានដុល្លារដែលវិមានក្រឹមឡាំងទទួលបានពីការលក់ប្រេងឥន្ធនៈ។

ថ្លែងនៅថ្ងៃទី២ ជាថ្ងៃបញ្ចប់នៃកិច្ចប្រជុំកំពូលក្រុមប្រឹក្សាសហភាពអឺរ៉ុបនៅទីក្រុងប្រ៊ុចសែល លោកស្រី von der Leyen និយាយថា ជាផ្នែកមួយនៃភាពជាដៃគូដែលបានប្រកាសរួមគ្នា ជាមួយប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden នៅមុនថ្ងៃនោះ ភាគីទាំងពីរបានព្រមព្រៀងគ្នាក្នុងការពន្លឿន ការផ្លាស់ប្តូរទៅជាថាមពលបៃតង។ ជាជំហានដំបូង សហរដ្ឋអាមេរិកនឹងផ្តល់ឱ្យសហភាពអឺរ៉ុបនូវឧស្ម័នធម្មជាតិរាវ យ៉ាងហោចណាស់ ១៥ពាន់លានម៉ែត្រគូបបន្ថែមទៀតនៅឆ្នាំ២០២២ នេះដោយជំនួសមកវិញនូវបរិមាណឧស្ម័នធម្មជាតិរាវពីរុស្ស៊ី។ លោកស្រី Von der Leyen និយាយថា ក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខ ពួកគេមានគោលដៅត្រូវការយ៉ាងហោចណាស់ ៥០ពាន់លានម៉ែត្រគូបក្នុងមួយឆ្នាំ ដោយជំនួសមួយភាគបីនៃការផ្គត់ផ្គង់ឧស្ម័នទាំងអស់ពីរុស្ស៊ីមកកាន់អឺរ៉ុប។
ក្នុងអំឡុងពេលសន្និសីទសារព័ត៌មានកាលពីថ្ងៃសុក្រ ប្រធានគណៈកម្មការអឺរ៉ុបបាននិយាយថា កញ្ចប់ទណ្ឌកម្មចំនួនបួនដែលសហភាពអឺរ៉ុបបានដាក់លើរុស្ស៊ីជុំវិញការវាយលុកលើអ៊ុយក្រែ ហើយកិច្ចខិតខំប្រឹងប្រែងទាំងអស់ពេលនេះនឹងផ្តោតលើការអនុវត្តន៍ទណ្ឌកម្ម និងរារាំងរុស្ស៊ីមិនឲ្យការគេចវេសបាន។ លោកស្រី Von der Leyen បានថ្លែងអំណរគុណដល់ប្រទេសជិតខាងរបស់អ៊ុយក្រែន សម្រាប់ការទទួលយកជនភៀសខ្លួនរាប់លាននាក់ និងបានសន្យាផ្តល់កញ្ចប់ថវិកាចំនួន ១៧ពាន់លានអឺរ៉ូ ឬ ១៨.៧ពាន់លានដុល្លារអាមេរិក ដើម្បីជួយប្រទេសទាំងនោះទប់ទល់នឹងលំហូរចូលជនភៀសខ្លួន៕
អត្ថបទ៖ ប៊ុនថន