សហរដ្ឋអាមេរិក និងអ៊ីស្រាអែល កំពុងបំផ្លាញមូលដ្ឋានគ្រឹះនៃសន្តិភាព និងសន្តិសុខនៅមជ្ឈិមបូព៌ា និងធ្វើឲ្យអស្ថិរភាពសកលកាន់តែធ្ងន់ធ្ងរឡើង។ នេះបើយោងតាមការដកស្រង់សម្តីរបស់ក្រសួងការបរទេសកូរ៉េខាងជើង។
សេចក្តីថ្លែងការណ៍នេះបានឲ្យដឹងថា៖«យើងសូមសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងអំពីសកម្មភាពឈ្លាន ពានរបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែល ដែលតាមរយៈការវាយប្រហារយោធាខុសច្បាប់លើអ៊ីរ៉ង់ បំផ្លាញមូលដ្ឋានគ្រឹះនៃសន្តិភាព និងសន្តិសុខ នៅក្នុងតំបន់ និងធ្វើឲ្យអស្ថិរភាពកាន់តែធ្ងន់ធ្ងរឡើង នៅទូទាំងពិភពលោក ហើយថ្កោលទោសយ៉ាងដាច់អហង្ការចំពោះរឿងនេះ»។

ក្រសួងការបរទេស ក៏បានចង្អុលបង្ហាញផងដែរថា កូរ៉េខាងជើងគោរព «សិទ្ធិរបស់ប្រជាជនអ៊ីរ៉ង់ ក្នុងការជ្រើសរើសមេដឹកនាំកំពូលរបស់ពួកគេ និងជម្រើសរបស់ខ្លួន»។
នៅថ្ងៃទី២៨ ខែកុម្ភៈ សហរដ្ឋអាមេរិក និងអ៊ីស្រាអែលបានចាប់ផ្តើមប្រតិបត្តិការយោធាប្រឆាំងនឹងអ៊ីរ៉ង់ ដោយវាយប្រហារទីក្រុងធំៗ រួមទាំងទីក្រុងតេអេរ៉ង់ផងដែរ។ សេតវិមានបានបង្ហាញភាពត្រឹមត្រូវនូវការវាយប្រហារនេះ ដោយលើកឡើងពីការគំរាមកំហែងដោយមីស៊ីល និងនុយក្លេអ៊ែរពីអ៊ីរ៉ង់។ មេដឹកនាំកំពូលលោក Ayatollah Ali Khamenei និងឥស្សរជនសំខាន់ៗរបស់អ៊ីរ៉ង់មួយចំនួនទៀត ត្រូវបានសម្លាប់។ កងឆ្មាំបដិវត្តន៍ឥស្លាម (អង្គភាពកងទ័ពសម្រាំង) បានសងសឹកដោយការវាយប្រហារយ៉ាងខ្លាំងក្លាលើអ៊ីស្រាអែល។ មូលដ្ឋានយោធារបស់សហរដ្ឋអាមេរិកនៅបារ៉ែន ហ្ស៊កដានី អ៊ីរ៉ាក់ កាតា គូវ៉ែត អារ៉ាប់រួម អូម៉ង់ អារ៉ាប៊ីសាអ៊ូឌីត និងស៊ីរី ក៏ត្រូវបានវាយប្រហារផងដែរ។
ក្រោយមក ក្រុមប្រឹក្សាអ្នកជំនាញរបស់អ៊ីរ៉ង់ បានជ្រើសរើសលោក Mojtaba Khamenei ជាកូនប្រុសរបស់លោក Ayatollah ដែលបានទទួលមរណភាព ជាមេដឹកនាំកំពូលថ្មី៕
