យ៉ាងហោចណាស់មានមនុស្ស ៦នាក់ បានបាត់បង់ជីវិត ក្នុងហេតុការណ៍មានអគ្គិភ័យឆេះរថយន្តក្រុងមួយគ្រឿង កាលពីយប់ថ្ងៃអង្គារ (ទី១០ ខែមីនា ឆ្នាំ២០២៦) នៅទីក្រុងតូចមួយ នៅភាគខាងលិចនៃប្រទេសស្វីស ដែលនគរបាលបានឲ្យដឹងថា អាចបណ្តាលមកពីទង្វើចេតនា។
នគរបាលបានបញ្ជាក់ថា រថយន្តក្រុងនេះត្រូវបានអណ្តាតភ្លើងឆាបឆេះយ៉ាងសន្ធោសន្ធៅ នៅលើផ្លូវមួយ ក្នុងទីក្រុង Kerzers ដែលជាទីក្រុងមួយ នៅក្នុងខេត្ត Fribourg ចម្ងាយប្រហែល ២០គីឡូម៉ែត្រ ពីរដ្ឋធានី Bern របស់ស្វីស បន្ទាប់ពីប្រព័ន្ធផ្សព្វផ្សាយរាយការណ៍ថា មនុស្សម្នាក់នៅលើនោះបានដុតខ្លួនឯង។

អ្នកនាំពាក្យរបស់នគរបាលខេត្ត Fribourg លោក Frederic Papaux បាននិយាយថា៖ «នៅដំណាក់កាលនេះ យើងមានព័ត៌មានខ្លះដែលបង្ហាញពីទង្វើចេតនារបស់មនុស្សម្នាក់ដែលនៅក្នុងរថយន្តក្រុងនោះ»។ អ្នកនាំពាក្យនគរបាលមូលដ្ឋានម្នាក់ទៀត លោកស្រី Christa Bielmann បាននិយាយថា ក្រុមអ្នកស៊ើបអង្កេត កំពុងស៊ើបអង្កេតរបាយការណ៍ ដែលថា មនុស្សម្នាក់បានចាក់សាំងលើខ្លួនឯង។ តែលោកស្រីបានប្រាប់សន្និសីទសារព័ត៌មានមួយថា វាគឺលឿនពេកដែលមិនអាចនិយាយបានថា តើឧប្បត្តិហេតុនេះទាក់ទងនឹងភេរវកម្មដែរ ឬអត់ ។
នគរបាលបានឲ្យដឹងទៀតថា អ្នករងរបួស ៣នាក់ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ។ ហើយលោក Papaux បាននិយាយទៀតថា អ្នកដំណើរត្រូវបានគេឃើញរត់គេចខ្លួនចេញពីរថយន្តក្រុងដែលកំពុងឆេះ ដោយភ័យស្លន់ស្លោ និងរងរបួស ហើយបានបន្ថែមថា គ្មានយានយន្តផ្សេងទៀតពាក់ព័ន្ធហេតុការណ៍នេះទេ។
វីដេអូបន្ទាប់ពីអណ្តាតភ្លើងត្រូវបានពន្លត់ បានបង្ហាញពីរថយន្តដែលត្រូវបានឆេះខ្ទេចគ្មានសល់។ ប្រធានាធិបតីស្វីស លោក Guy Parmelin បានសម្តែងការចូលរួមរំលែកទុក្ខ ហើយបាននិយាយថា ហេតុការណ៍នេះកំពុងត្រូវបានស៊ើបអង្កេត៕
