ប្រធានាធិបតីស៊ីរី លោក Ahmad Al-Sharaa និងសមភាគីលីបង់ លោក Joseph Aoun បានពិភាក្សាអំពីសន្តិសុខព្រំដែន កាលពីថ្ងៃអង្គារ។
ការពិភាក្សានេះ បានកើតឡើង នៅពេលដែលស៊ីរីបានចោទប្រកាន់ក្រុមសកម្មប្រយុទ្ធហេសបូឡាដែលគាំទ្រដោយអ៊ីរ៉ង់ថា បានប្រមូលផ្តុំកម្លាំងជំនួយនៅជិតព្រំដែន ដោយកំណត់គោលដៅទីតាំងកងទ័ព នៅក្នុងប្រទេសស៊ីរី និងបាញ់គ្រាប់កាំភ្លើងធំពីទឹកដីលីបង់ដែលបានធ្លាក់នៅជិតទីក្រុង Serghaya ភាគខាងលិចនៃរដ្ឋធានីដាម៉ាស។

ទីភ្នាក់ងារសារព័ត៌មានអារ៉ាប់ស៊ីរីបានរាយការណ៍ថា ក្នុងអំឡុងពេលសន្ទនាជាមួយលោក Aoun លោក Al-Sharaa បានសម្តែងការគាំទ្រយ៉ាងពេញទំហឹងចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលលីបង់ ក្នុងការដកហូតអាវុធពីក្រុមហេសបូឡា។ លោកបានបន្ថែមថា ការដកហូតអាវុធរបស់ក្រុមនេះ គឺជាជំហានដ៏សំខាន់មួយ នៅក្នុងកិច្ចខិតខំប្រឹងប្រែង ដើម្បីពង្រឹងអធិបតេយ្យភាពរបស់ប្រទេសលីបង់ និងការពារតំបន់ពីផលវិបាកនៃជម្លោះប្រដាប់អាវុធដែលកំពុងបន្ត។
មេដឹកនាំទាំងពីរ ក៏បានសង្កត់ធ្ងន់លើតម្រូវការសម្រាប់សកម្មភាពរួមគ្នា ដើម្បីធានាសុវត្ថិភាពរបស់ប្រជាជនស៊ីរី។
ជនជាតិស៊ីរីរាប់ពាន់នាក់ដែលបានភៀសខ្លួនទៅកាន់ប្រទេសលីបង់ ដើម្បីគេចចេញពីសង្គ្រាមស៊ីវិលរយៈពេល ១៣ឆ្នាំ នៅក្នុងប្រទេសរបស់ពួកគេ បានវិលត្រឡប់មកផ្ទះសម្បែងវិញ ចាប់តាំងពីសហរដ្ឋអាមេរិក និងអ៊ីស្រាអែល បានបើកការវាយប្រហារប្រឆាំងនឹងអ៊ីរ៉ង់ នៅថ្ងៃទី ២៨ ខែកុម្ភៈ និងការរីករាលដាលនៃជម្លោះទៅកាន់តំបន់ផ្សេងទៀតនៃមជ្ឈិមបូព៌ា៕
