ប្រមុខមន្ទីរបញ្ចកោណ លោក Pete Hegseth ជឿជាក់ថា សហគមន៍អន្តរជាតិមិនពេញចិត្តចំពោះកិច្ចខិតខំប្រឹងប្រែងរបស់សហរដ្ឋអាមេរិកក្នុងការទប់ស្កាត់ការស្លាប់និងរបួសរបស់ជនស៊ីវិល នៅក្នុងជម្លោះដែលផ្តួចផ្តើមដោយទីក្រុងវ៉ាស៊ីនតោននោះទេ។
លោកបានថ្លែងក្នុងសន្និសីទសារព័ត៌មានមួយថា៖«គ្មានប្រទេសណាចាត់វិធានការប្រុងប្រយ័ត្នបន្ថែមទៀតដើម្បីធានាថា មិនមានការកំណត់គោលដៅលើជនស៊ីវិលជាងសហរដ្ឋអាមេរិកនោះទេ។ និយាយតាមត្រង់ទៅ នេះគឺជាចំណុចមួយដែលមិនត្រូវបានកោតសរសើរគ្រប់គ្រាន់ទេ» ដោយធ្វើអត្ថាធិប្បាយអំពីវិធានការដែលសហរដ្ឋអាមេរិកបានធ្វើឡើង ដើម្បីទប់ស្កាត់ការស្លាប់និងរបួសរបស់ជនស៊ីវិល រួមទាំងការវាយប្រហារលើសាលាបឋមសិក្សាក្មេងស្រីមួយកន្លែង ក្នុងទីក្រុង Minab របស់អ៊ីរ៉ង់។

លោក Hegseth បាននិយាយថា៖«យើងនឹងស៊ើបអង្កេត។ នោះមិនមែនជាប្រភពបើកចំហទេ។ វាមិនមែនជាកន្លែង ដើម្បីកំណត់អ្វីដែលបានកើតឡើង ឬមិនបានកើតឡើងនោះទេ»។ មន្ត្រីការពារជាតិជាន់ខ្ពស់រូបនេះ បានសង្កត់ធ្ងន់ថា៖«យើងយកចិត្តទុកដាក់យ៉ាងខ្លាំង ហើយស៊ើបអង្កេតលើទីតាំងទាំងនោះ យ៉ាងហ្មត់ចត់ ដែលត្រូវការពេលវេលា»។
លោកក៏បានចោទប្រកាន់អ៊ីរ៉ង់ថា បានដាក់អាវុធមីស៊ីលនៅក្នុងតំបន់លំនៅឋាន និងវាយប្រហារជនស៊ីវិលនៅក្នុងប្រទេសដទៃទៀត។ លោក Hegseth បាននិយាយថា៖«ពួកគេបានវាយប្រហារដោយយានដ្រូននិងមីស៊ីលទៅលើគោលដៅស៊ីវិល មន្ទីរពេទ្យ សណ្ឋាគារ និងអាកាសយានដ្ឋាន។ ពួកគេកំណត់គោលដៅលើជនស៊ីវិល។ យើងមិនធ្វើដូច្នេះទេ»។
នៅថ្ងៃទី ២៨ ខែកុម្ភៈ អាជ្ញាធរអ៊ីរ៉ង់បានរាយការណ៍ថា សហរដ្ឋអាមេរិក និងអ៊ីស្រាអែល បានវាយប្រហារសាលាបឋមសិក្សាក្មេងស្រីមួយកន្លែង នៅភាគខាងត្បូងទីក្រុង Minab។ យោងតាមទីក្រុងតេអេរ៉ង់ មនុស្ស ១៦៥នាក់ ត្រូវបានសម្លាប់ ដែលភាគច្រើនជាសិស្ស ឪពុកម្តាយ និងគ្រូបង្រៀន។ មនុស្ស ៩៥នាក់ ផ្សេងទៀត បានរងរបួស៕
