ការនាំមុខរបស់គណបក្សប្រឆាំងដ៏សំខាន់ Tisza នៅប្រទេសហុងគ្រី លើគណបក្ស Fidesz របស់នាយករដ្ឋមន្ត្រីកាន់តែំណែងដ៏យូរ គឺលោក Viktor Orban បានធ្លាក់ចុះបន្តិចនៅក្នុងការស្ទង់មតិមួយ ដែលបានចេញផ្សាយនៅថ្ងៃពុធ (ទី១១ ខែមីនា ឆ្នាំ២០២៦) នេះ ខណៈដែលយុទ្ធនាការឃោសនាបោះឆ្នោតចូលដល់ខែចុងក្រោយ មុនការបោះឆ្នោតថ្ងៃទី១២ ខែមេសា។

គណបក្សជាតិនិយមរបស់លោក Orban ជួបប្រទះនឹងបញ្ហាប្រឈមដ៏ធំបំផុត សម្រាប់ការគ្រប់គ្រងរបស់លោក ក្នុងរយៈពេល ១៦ឆ្នាំ ទោះបីជាលទ្ធផលនៃការបោះឆ្នោត ដែលកើតឡើងក្នុងអំឡុងពេលមានសង្គ្រាមអ៊ុយក្រែន-រុស្ស៊ី និងបញ្ហាប្រឈមសេដ្ឋកិច្ចកាន់តែខ្លាំង នៅតែមិនប្រាកដប្រជាខ្ពស់ក៏ដោយ ក៏ការស្ទង់មតិនេះ បង្ហាញថា អ្នកបោះឆ្នោតជាច្រើននៅតែមិនទាន់សម្រេចចិត្ត។
ការស្ទង់មតិដោយមជ្ឈមណ្ឌលស្រាវជ្រាវ 21 (21 Kutatokozpont) ដែលធ្វើឡើងចន្លោះថ្ងៃទី២ និងទី៦ ខែមីនា និងចេញផ្សាយនៅថ្ងៃពុធនេះ បានបង្ហាញថា គណបបក្ស Tisza នាំមុខបក្ស Fidesz ១៤ភាគរយក្នុងចំណោមអ្នកបោះឆ្នោតដែលបានសម្រេចចិត្តហើយ ដោយធ្លាក់ចុះពីការនាំមុខ ១៦ភាគរយនៅក្នុងការស្ទង់មតិចុងក្រោយរបស់ទីភ្នាក់ងារនេះ កាលពីខែមករា។
យោងតាមមជ្ឈមណ្ឌលស្រាវជ្រាវ 21 Research Centre បានឲ្យដឹងថា គណបក្សកណ្តាល-ស្ដាំនិយម Tisza ដែលដឹកនាំដោយអតីតអ្នកនៅក្នុងរដ្ឋាភិបាល គឺលោក Peter Magyar ទទួលបានការគាំទ្រពីអ្នកបោះឆ្នោតដែលបានសម្រេចចិត្តហើយចំនួន ៥៣ភាគរយ ជាកម្រិតដដែលដូចនឹងខែមករា ខណៈដែល ៣៩ភាគរយ គាំទ្រគណបក្ស Fidesz ដោយពីកម្រិត ៣៧ភាគរយ នៅក្នុងការស្ទង់មតិមុន។
ការស្ទង់មតិ ដែលចេញផ្សាយដោយគេហទំព័រព័ត៌មាន 24.hu បានបង្ហាញពីការគាំទ្រ ៣៨ភាគរយ ចំពោះគណបក្ស Tisza ក្នុងចំណោមអ្នកបោះឆ្នោតទាំងអស់ ខណៈគណបក្ស Fidesz មាន ៣០ភាគរយ៕

