នាវាដឹកទំនិញថៃ ១គ្រឿងដែលធ្វើដំណើរនៅក្នុងច្រកសមុទ្រ Hormuz ត្រូវបានវាយប្រហារនៅថ្ងៃពុធ (ទី១១ ខែមីនា ឆ្នាំ២០២៦) នេះ ដោយសមាជិកនាវិកចំនួន ២០នាក់ ត្រូវបានជួយសង្គ្រោះ រហូតមកដល់ពេលនេះ។ នេះបើយោងតាមការឲ្យដឹងពីកងទ័ពជើងទឹកថៃ។
រូបថតដែលបានចែករំលែកដោយកងទ័ពជើងទឹកភូមិន្ទថៃ បានបង្ហាញឲ្យផ្សែងខ្មៅដ៏ក្រាស់ឃ្មឹកហុយទ្រលោមចេញពីតួ និងរចនាសម្ព័ន្ធខាងលើរបស់នាវា Mayuree Naree ដែលចុះបញ្ជីដោយជនជាតិថៃ ដោយមានទូកសង្គ្រោះអណ្ដែតលើផ្ទៃទឹក។
កងទ័ពជើងទឹកបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា នាវានេះ «ត្រូវបានវាយប្រហារ ខណៈពេលកំពុងឆ្លងកាត់ច្រកសមុទ្រ Hormuz» បន្ទាប់ពីចាកចេញពីកំពង់ផែ Khalifa ក្នុងប្រទេសអេមីរ៉ាតអារ៉ាប់រួម។ សេចក្ដីថ្លែងការណ៍បានបន្ថែមថា «ព័ត៌មានលម្អិតជាក់លាក់ និងមូលហេតុនៃការវាយប្រហារ កំពុងស្ថិតនៅក្រោមការស៊ើបអង្កេត»។
សេចក្ដីថ្លែងការណ៍បានឲ្យដឹងទៀតថា កងទ័ពជើងទឹកអូម៉ង់ បានជួយសង្គ្រោះនាវិកចំនួន ២០នាក់ ហើយ «កិច្ចប្រឹងប្រែងកំពុងដំណើរការ ដើម្បីជួយសង្គ្រោះសមាជិកនាវិកនៅសល់ ៣នាក់ទៀត»។
ភ្លាមៗនេះ គេមិនទាន់ច្បាស់នៅឡើយទេថា តើឧប្បត្តិហេតុនេះជានាវាពាណិជ្ជកម្មមួយ ក្នុងចំណោមនាវាពាណិជ្ជកម្ម ៣គ្រឿងដែលមជ្ឈមណ្ឌលប្រតិបត្តិការពាណិជ្ជកម្មផ្លូវសមុទ្រចក្រភពអង់គ្លេស បានឲ្យដឹងនៅមុននេះថា ត្រូវបានវាយប្រហារនៅក្នុងឈូងសមុទ្រ នៅថ្ងៃពុធនេះដែរ ឬមិនមែនទេ។
គួរបញ្ជាក់ថា អ៊ីរ៉ង់បានបើកការវាយប្រហារប្រឆាំងនឹងប្រទេសជិតខាងនាំចេញប្រេងរបស់ខ្លួន ដោយគំរាមកំហែងដល់ការដឹកជញ្ជូនទំនិញ នៅក្នុងច្រកសមុទ្រ Hormuz និងធ្វើឲ្យសេដ្ឋកិច្ចថាមពលពិភពលោកធ្លាក់ចូលទៅក្នុងវិបត្តិ៕