វិមានក្រឹមឡាំង នៅថ្ងៃពុធ (ទី១១ ខែមីនា ឆ្នាំ២០២៦) នេះ បានចោទប្រកាន់អ្នកឯកទេសអង់គ្លេសថាបានជាប់ពាក់ព័ន្ធនឹងការវាយប្រហាររបស់អ៊ុយក្រែនទៅលើទីក្រុង Bryansk របស់រុស្ស៊ី ដែលបានប្រើប្រាស់មីស៊ីល Storm Shadow របស់អង់គ្លេស ហើយបានបញ្ជាក់ថា ខ្លួននឹងពិចារណាពីតួនាទីរបស់ចក្រភពអង់គ្លេស។
អភិបាលតំបន់ Bryansk បានឲ្យដឹងថា ការវាយប្រហារកាលពីថ្ងៃអង្គារ បានសម្លាប់ជនស៊ីវិលយ៉ាងហោចណាស់ ៦នាក់ និងបណ្ដាលឲ្យរងរបួស ៣៧នាក់ ជាអ្វីដែលលោកហៅថា ជា «ការវាយប្រហារដោយមីស៊ីលភេរវកម្ម» ដោយមិនបាននិយាយថា តើអ្វីដែលត្រូវបានវាយប្រហារឡើយ។ អ៊ុយក្រែនបានឲ្យដឹងថា ខ្លួនបានវាយប្រហាររោងចក្រសំខាន់មួយដែលផលិតគ្រឿងបន្លាស់មីស៊ីល។ ទីក្រុងមូស្គូបានចោទប្រកាន់ប្រទេសនេះថា បានកំណត់គោលដៅជនស៊ីវិលដោយចេតនា។
នៅពេលត្រូវបានសួរដោយសារព័ត៌មាន Reuters ថា តើនឹងមានការឆ្លើយតបខាងយោធា ចំពោះការប្រើប្រាស់មីស៊ីលរបស់អង់គ្លេសប្រឆាំងនឹងទឹកដីអធិបតេយ្យរបស់រុស្ស៊ីដែរ ឬទេ អ្នកនាំពាក្យវិមានក្រឹមឡាំងលោក Dmitry Peskov បាននិយាយថា រុស្ស៊ីនឹងគិតគូរពីការចូលរួមរបស់អង់គ្លេស។
លោក Peskov បានប្រាប់អ្នកសារព័ត៌មានថា៖ «វាគឺច្បាស់ណាស់ថា ការបាញ់មីស៊ីលទាំងនេះ មិនអាចទៅរួចទេ ប្រសិនបើមិនមានអ្នកឯកទេសអង់គ្លេស"។ យើងដឹងអំពីរឿងនេះ យើងដឹងច្បាស់ ហើយយើងពិចារណាពីវាតាមការពិតជាក់ស្ដែង»។
មិនមានការអត្ថាធិប្បាយភ្លាមៗពីទីក្រុងឡុងដ្រ៍នោះឡើយ ទោះបីជារុស្ស៊ី បានលើកឡើងម្តងហើយម្តងទៀតថា អ៊ុយក្រែនត្រូវការជំនាញរបស់លោកខាងលិច និងទិន្នន័យគោលដៅ និងរូបភាពផ្កាយរណបដែលផ្គត់ផ្គង់ដោយលោកខាងលិច ដើម្បីបាញ់មីស៊ីលកម្រិតខ្ពស់ចូលទៅក្នុងប្រទេសរុស្ស៊ីក៏ដោយ៕