លោកស្រីនាយករដ្ឋមន្ត្រី Sanae Takaichi បានលើកឡើងថា ប្រទេសជប៉ុននឹងបញ្ចេញប្រេងបម្រុងជាយុទ្ធសាស្ត្រយ៉ាងឆាប់នៅថ្ងៃចន្ទ (ទី១៦ ខែមីនា ឆ្នាំ២០២៦) សប្ដាហ៍ក្រោយ ដែលជាចំណាត់ការឯកតោភាគីរបស់សេដ្ឋកិច្ចតំបន់អាស៊ីដែលពឹងផ្អែកលើការនាំចូល ដើម្បីសម្រាលក្ដីបារម្ភ អំពីការឡើងតម្លៃប្រេងឥន្ធនៈ ដោយសារតែសង្គ្រាម នៅតំបន់មជ្ឈិមបូព៌ា។
ជប៉ុនគឺជាប្រទេសដែលមានសេដ្ឋកិច្ចធំបំផុតទី៤ និងជាប្រទេសនាំចូលប្រេងឆៅធំបំផុតទី៥ របស់ពិភពលោក ដោយប្រហែល ៩៥ភាគរយនៃតម្រូវការរបស់ខ្លួន នាំចូលពីតំបន់មជ្ឈិមបូព៌ា និងប្រហែល ៧០ភាគរយ ត្រូវឆ្លងកាត់ច្រកសមុទ្រ Hormuz មុនពេលជម្លោះចាប់ផ្តើមផ្ទុះឡើង។
ទីក្រុងតូក្យូបានធ្វើការជាមួយប្រទេសដទៃទៀត ពាក់ព័ន្ធនឹងលទ្ធភាពដែលអាចបញ្ចេញប្រេងរួមគ្នា ដើម្បីទប់ទល់នឹងការឡើងតម្លៃប្រេងឆៅសកល ប៉ុន្តែលោកស្រី Takaichi បាននិយាយនៅថ្ងៃពុធនេះថា ជប៉ុនត្រូវចាត់វិធានការយ៉ាងឆាប់រហ័ស ដើម្បីកាត់បន្ថយផលប៉ះពាល់នៅក្នុងប្រទេស។
លោកស្រី Takaichi បានប្រាប់អ្នកសារព័ត៌មានថា៖ «ដោយមិនរង់ចាំការសម្រេចជាផ្លូវការ ពាក់ព័ន្ធនឹងការបញ្ចេញស្តុកអន្តរជាតិដែលត្រូវបានសម្របសម្រួល ជាមួយ IEA (ទីភ្នាក់ងារថាមពលអន្តរជាតិ) ប្រទេសជប៉ុនបានសម្រេចចាត់វិធានការមុនគេ ដើម្បីជួយសម្រាលការផ្គត់ផ្គង់ និងតម្រូវការនៅក្នុងទីផ្សារថាមពលអន្តរជាតិ ដោយការបញ្ចេញប្រេងបម្រុងជាយុទ្ធសាស្ត្រយ៉ាងឆាប់ នៅថ្ងៃទី១៦ នៃខែនេះ»។
លោកស្រីបានបញ្ជាក់ថា ប្រទេសរបស់លោកស្រី នឹងបញ្ចេញប្រេងបម្រុងឯកជនរយៈពេល ១៥ថ្ងៃ និងប្រេងបម្រុងជាតិរយៈពេល ១ខែ។
ប្រេងបម្រុងយុទ្ធសាស្ត្ររបស់ជប៉ុន ស្ថិតក្នុងចំណោមការស្តុកធំបំផុតរបស់ពិភពលោក ហើយមានចំនួនជាង ៤០០លានបារ៉ែល គិតត្រឹមខែធ្នូឆ្នាំមុន។ ប្រទេសនេះមានប្រេងបម្រុងគ្រាអាសន្នរយៈពេល ២៥៤ថ្ងៃ សម្រាប់ការប្រើប្រាស់ក្នុងស្រុក៕