ក្រុមបាល់ទាត់បឹងកេត បានឡើងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ នៃពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី១៩ ឆ្នាំ២០២៥/២៦ (ថ្នាក់ជាតិ) ក្រោយបន្ដយកឈ្នះក្រុមកងយោធពលខេមរភូមិន្ទ ដោយលទ្ធផល ២-០ ក្នុងជំនួបជើងទី២ នៃវគ្គ ៨ក្រុមចុងក្រោយ កាលពីរាត្រីថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦ នៅពហុកីឡដ្ឋានជាតិ(អូឡាំពិក)។

ជំនួបកាត់សេចក្ដីនេះ កីឡាករ Thomas Scott បានរកគ្រាប់បាល់នាំមុខឲ្យនាគខៀវបឹងកេត ១គ្រាប់មុន តាមរយៈការស៊ុតពីចម្ងាយ នៅនាទី៣០ ហើយលទ្ធផលនេះ បានអូសបន្លាយរហូតដល់ចុងវគ្គទី២ ទើបមានគ្រាប់បាល់កើតឡើង ១គ្រាប់ទៀត បន្ទាប់ពីអ្នកចាំទី អ៊ុំ សេរីរ័ត្ន ទាត់បាល់ភ្លាត់ បង្កឱកាសឲ្យកីឡាករវ័យក្មេង អ៊ាវ សុវណ្ណារ៉ា មានឱកាសស៊ុតបញ្ចប់ទីយ៉ាងល្អ នៅនាទី៩០+៣។
សរុបលទ្ធផលទាំង ២ជើង បឹងកេត បានយកឈ្នះអតីតក្រុមជើងឯក ៣សម័យ ៤-០ បន្ទាប់ពីធ្លាប់ឈ្នះ ២-០ កាលពីជើងទី១ ដែលនាំឲ្យអតីតក្រុមជើងឯកឆ្នាំ២០១៩ បឹងកេត ឡើងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ដោយឈរចាំក្រុមឈ្នះ រវាងព្រះខ័នរាជស្វាយរៀង និងគិរីវង់សុខសែនជ័យ ដ្បិតកាលពីជើងទី១ នៃវគ្គ ៨ក្រុមចុងក្រោយ រវាងក្រុមទាំងពីរ ព្រះខ័នរាជស្វាយរៀង បានរងបរាជ័យក្រៅដី ២-១ មុនត្រូវបើកទ្វារប្រកួតកាត់សេចក្ដីជើងទី២ នៅពហុកីឡដ្ឋានជាតិមរតកតេជោ នាថ្ងៃទី១៨ ខែមីនាសប្ដាហ៍ក្រោយ៕ អត្ថបទ លី ឈុនឡា

