អតីតក្រុមជើងឯក ៣សម័យជាប់គ្នា វិសាខា បានឡើងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាថ្មី នៃពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី១៩ ឆ្នាំ២០២៥/២៦ (ថ្នាក់ជាតិ) ក្រោយយកឈ្នះក្រុមណាហ្គាវើលដ៏ រហូតដល់ ៤-០ ក្នុងជំនួបជើងទី២ ផ្ទុយពីកាលពីជើងទី១ ដែលក្រុមទាំងពីរស្មើគ្នា ២-២ ក្នុងវគ្គ ៨ក្រុមចុងក្រោយ នៅកីឡដ្ឋានខេត្តកំពង់ស្ពឺ។
សម្រាប់ជំនួបកាត់សេចក្ដីនៅកីឡដ្ឋានវិសាខា ក្រុមម្ចាស់ផ្ទះ បានព្យាយាមដាក់សម្ពាធ តាំងពីដើមវគ្គ តែបានអូសបន្លាយរហូតដល់ចុងវគ្គទី១ ទើបកីឡាករ Pavle Ivelja រកបាន ២គ្រាប់ម្នាក់ឯង នៅនាទី៤១ និងនាទី៤៥+២ មុនខ្សែប្រយុទ្ធសញ្ជាតិស៊ែប៊ីរូបនេះ បន្ថែមគ្រាប់ទី៣ ដែលជាគ្រាប់ Hat-Trick នៅនាទី៥១។ រីឯណាហ្គាវើលដ៏ មិនអាចរកគ្រាប់បាល់បានឡើយ មុនសល់គ្នាត្រឹម ១០នាក់នៅចុងម៉ោង បន្ទាប់ពីអ្នកចាំទី រ៉េត លីហេង រងពិន័យកាតក្រហម នៅនាទី៨០ ដែលបង្កឱកាសឲ្យវិសាខា បន្ថែម ១គ្រាប់ទៀត ដោយកីឡាករ ស រតនា នៅនាទី៩០+១ ដើម្បីធានាកៅអីវគ្គបន្ដតែម្ដង។
សរុបទាំង ២ជើង វិសាខា បានយកឈ្នះក្រុមណាហ្គាវើលដ៏ ៦-២ ដែលនាំឲ្យក្រុមលេខ៤ ឆ្នាំចាស់នេះ បានឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ដោយឈរចាំក្រុមឈ្នះ រវាងភ្នំពេញក្រោន និង ISI ដង្កោសែនជ័យ ដែលគ្រោងប្រកួតកាត់សេចក្ដីជើងទី២ នាថ្ងៃទី១៨ ខែមីនាខាងមុខ នៅកីឡដ្ឋានភ្នំពេញក្រោន បន្ទាប់ពីក្រុមទាំងពីរ ប្រកួតស្មើគ្នា ២-២ កាលពីជើងទី១ ក្នុងវគ្គ ៨ក្រុមចុងក្រោយ នៅទឹកដីក្រុមដំរីជ័យ៕ អត្ថបទ លី ឈុនឡា



