សារព័ត៌មានរ៉យទ័ររាយការណ៍ថា សង្រ្គាមនៅមជ្ឈិមបូព៌ា ដែលផ្ទុះឡើងតាមរយៈការវាយប្រហារតាមអាកាសរួមគ្នារវាងអាមេរិកនិងអ៊ីស្រាអែល លើអ៊ីរ៉ង់ កាលពីជិតពីរសប្តាហ៍មុន រហូតមកដល់ពេលនេះ បានសម្លាប់មនុស្សប្រហែល ២.០០០នាក់ ដែលភាគច្រើនជាជនជាតិអ៊ីរ៉ង់ និងលីបង់ ខណៈសង្រ្គាមនេះបានធ្វើឱ្យទីផ្សារថាមពល ក៏ដូចជាការដឹកជញ្ជូនពិភពលោក ធ្លាក់ក្នុងភាពវឹកវរ។

ក្នុងចំណោមតួលេខនេះ មូលនិធិកុមាររបស់អង្គការសហប្រជាជាតិ (UNICEF) ព្រមានថា តួលេខដ៏ច្រើនលើសលប់នៃកុមារលើសពី ១.១០០នាក់ ត្រូវបានសម្លាប់ឬរងរបួស។

របាយការណ៍របស់ UNICEF នៅថ្ងៃទី១១ ខែមីនា បានលើកឡើងថា៖ «រយៈពេល ១០ថ្ងៃ បន្ទាប់ពីជម្លោះមជ្ឈិមបូព៌ាកាន់តែខ្លាំងក្លាឡើង ស្ថានភាពកំពុងក្លាយជាមហន្តរាយសម្រាប់កុមាររាប់លាននាក់នៅទូទាំងតំបន់។ ចាប់តាំងពីថ្ងៃទី២៨ ខែកុម្ភៈមក មានសេចក្តីរាយការណ៍ថា កុមារជាង ១.១០០ នាក់ បានរងរបួសឬបាត់បង់ជីវិត ក្នុងនោះរួមមានកុមារ ២០០នាក់ ត្រូវរាយការណ៍ថាបានស្លាប់នៅអ៊ីរ៉ង់។ តួលេខទាំងនេះទំនងជានឹងកើនឡើងបន្ថែមទៀត នៅពេលអំពើហិង្សារីករាលដាលដាលកាន់តែខ្លាំង»។
UNICEF បន្ថែមថា៖ «ការរំខានយ៉ាងខ្លាំងដល់ប្រព័ន្ធអប់រំ បានធ្វើឱ្យកុមាររាប់លាននាក់នៅទូទាំងតំបន់មិនបានចូលរៀន ខណៈកុមាររាប់សែននាក់ផ្សេងទៀតត្រូវជម្លៀសដោយសារការទម្លាក់គ្រាប់បែកឥតស្រាកស្រាន្ត»។ UNICEF ក៏បានបញ្ជាក់ជាថ្មីនូវការអំពាវនាវរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ ដល់ភាគីជម្លោះឱ្យបញ្ឈប់ការប្រយុទ្ធគ្នា និងចូលរួមក្នុងកិច្ចចរចាទូត ព្រមទាំងអំពាវនាវឱ្យភាគីទាំងអស់ចាត់វិធានការបង្ការចាំបាច់ដើម្បីកាត់បន្ថយគ្រោះថ្នាក់ដល់ជនស៊ីវិលឱ្យនៅកម្រិតទាបបំផុត។
អាមេរិក និងអ៊ីរ៉ង់ មិនបានបង្ហាញសញ្ញាណាមួយនៃការបញ្ចប់សង្រ្គាមក្នុងពេលឆាប់ៗនេះទេ ដោយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថា «ចាំបាច់ត្រូវបញ្ចប់ការងារនេះឱ្យរួចរាល់» ចំណែកឯខាងអ៊ីរ៉ង់វិញព្រមានថា ពិភពលោកគួរតែត្រៀមខ្លួនសម្រាប់តម្លៃប្រេង ២០០ដុល្លារក្នុងមួយបារ៉ែល បន្ទាប់ពីមានការវាយប្រហារលើនាវាដឹកប្រេងក្នុងដែនទឹកអ៊ីរ៉ាក់ និងនាវាផ្សេងទៀតជិតច្រកសមុទ្រហ័រមូស ដ៏សំខាន់៕

