សហរដ្ឋអាមេរិកបានចាប់ផ្តើមការស៊ើបអង្កេតថ្មីមួយលើដៃគូពាណិជ្ជកម្មធំៗមួយចំនួនរបស់ខ្លួន បន្ទាប់ពីតុលាការកំពូលបានលុបចោលផ្នែកសំខាន់មួយនៃគោលនយោបាយពន្ធរបស់ប្រធានាធិបតី Donald Trump កាលពីខែមុន។

កាលពីថ្ងៃពុធ១១មីនាសប្ដាហ៍មុន តំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិក លោក Jamieson Greer បាននិយាយថា ការស៊ើបអង្កេតការអនុវត្តពាណិជ្ជកម្មមិនយុត្តិធម៌តាមមាត្រា ៣០១ អាចនាំឱ្យមានការយកពន្ធថ្មីប្រឆាំងនឹងប្រទេសនានា រួមមានប្រទេសចិន សហភាពអឺរ៉ុប ឥណ្ឌា ជប៉ុន កូរ៉េខាងត្បូង និងម៉ិកស៊ិក នៅរដូវក្តៅនេះ។

ការស៊ើបអង្កេតនេះអាចអនុញ្ញាតឱ្យសហរដ្ឋអាមេរិកដាក់ពន្ធនាំចូលលើទំនិញពីប្រទេសណាមួយដែលត្រូវបានរកឃើញថាបានចូលរួមក្នុងការអនុវត្តពាណិជ្ជកម្មមិនយុត្តិធម៌។
លោក Greer បាននិយាយថា លោកសង្ឃឹមថានឹងបញ្ចប់ការស៊ើបអង្កេតមុនពេលពន្ធបណ្តោះអាសន្នថ្មីដែលដាក់ដោយលោក Trump កាលពីចុងខែកុម្ភៈ ផុតកំណត់នៅខែកក្កដាខាងមុខ។
ប្រទេសផ្សេងទៀតដែលកំពុងត្រូវបានស៊ើបអង្កេតរួមមាន វៀតណាម ថៃ ម៉ាឡេស៊ី សិង្ហបុរី ឥណ្ឌូនេស៊ី បង់ក្លាដែស ស្វីស និងន័រវែស។

ប្រទេសកាណាដា ដែលជាដៃគូពាណិជ្ជកម្មធំបំផុតទីពីររបស់សហរដ្ឋអាមេរិក មិនត្រូវបានលើកឡើងថាជាគោលដៅនៃការស៊ើបអង្កេតនោះទេ។
ចំណាត់ការនេះកើតឡើងជាច្រើនសប្តាហ៍បន្ទាប់ពីតុលាការកំពូលបានសម្រេចថា ពន្ធដែលដាក់ដោយលោក Trump លើប្រទេសមួយចំនួននៅជុំវិញពិភពលោកក្នុងខែមេសាឆ្នាំមុន គឺខុសច្បាប់។
មិនយូរប៉ុន្មានបន្ទាប់ពីសេចក្ដីសម្រេចនេះ ប្រធានាធិបតីបានប្រកាសពន្ធសកលថ្មី១០% ដោយហៅការសម្រេចនេះថា "គួរឱ្យស្អប់" និងរិះគន់ក្រុមចៅក្រមដែលបានបដិសេធគោលនយោបាយពាណិជ្ជកម្មរបស់លោកថាជា "មនុស្សល្ងង់"៕