ទីភ្នាក់ងារថាមពលអន្តរជាតិ (IEA) កាលពីថ្ងៃពុធ ទី១១ ខែមីនា បានព្រមព្រៀងបញ្ចេញប្រេងចំនួន ៤០០លានបារ៉ែល ជាចំណាត់ការច្រើនបំផុតក្នុងប្រវត្តិសាស្ត្ររបស់ខ្លួន ដើម្បីព្យាយាមទប់ស្កាត់តម្លៃប្រេងឆៅ ដែលបានហក់ឡើងយ៉ាងខ្លាំង ដោយសារតែការរង្គោះរង្គើការផ្គត់ផ្គង់បណ្តាលមកពីសង្គ្រាមអាមេរិកនិងអ៊ីស្រាអែល ជាមួយអ៊ីរ៉ង់។

ទីភ្នាក់ងារ IEA បាននិយាយថា ការបញ្ចេញប្រេងនេះត្រូវបានគាំទ្រជាឯកច្ឆ័ន្ទដោយប្រទេសសមាជិកចំនួន៣២ប្រទេស ជាចំណាត់ការលើកទី៦ដែលខ្លួនបានធ្វើ ចាប់តាំងពីការបង្កើតទីភ្នាក់ងារក្នុងទសវត្សរ៍ឆ្នាំ ១៩៧០។ វាមានគោលបំណងទប់ស្កាត់ការកើនឡើងបន្ថែមទៀតនៃតម្លៃប្រេង ដោយសារការព្រួយបារម្ភថាពីការវាយប្រហាររបស់អ៊ីរ៉ង់ដែលនឹងបន្តរារាំងការនាំចេញប្រេងនៅតំបន់មជ្ឈិមបូព៌ា មិនឲ្យទៅដល់ទីផ្សារ។
លោក Fatih Birol នាយកប្រតិបត្តិទីភ្នាក់ងារ IEA បាននិយាយថា «បញ្ហាប្រឈមទីផ្សារប្រេង ដែលយើងកំពុងជួប មានទំហំមិនធ្លាប់មានពីមុនមក ដូច្នេះខ្ញុំពិតជារីករាយដែលប្រទេសសមាជិក ទីភ្នាក់ងារ IEA បានឆ្លើយតបជាមួយនឹងសកម្មភាពរួមបន្ទាន់ មានទំហំមិនធ្លាប់មាន»។ ទីភ្នាក់ងារ IEA ដែលមានមូលដ្ឋាននៅទីក្រុងប៉ារីស បានធ្វើអត្ថាធិប្បាយខណៈប្រធានាធិបតីបារាំង លោក Emmanuel Macron ដឹកនាំកិច្ចប្រជុំមេដឹកនាំ ប្រទេស G7 ដើម្បីពិភាក្សាអំពីបញ្ហានេះ។
ទីភ្នាក់ងារថាមពលអន្តរជាតិ (IEA) បាននិយាយថា ស្តុកប្រេងបន្ទាន់នឹងត្រូវបានផ្តល់ដល់ទីផ្សារក្នុងរយៈពេលសមស្របទៅនឹងកាលៈទេសៈជាតិរបស់ប្រទេសជាសមាជិកនីមួយៗ ហើយវិធានការបន្ទាន់បន្ថែមនេះ នឹងត្រូវបានបំពេញបន្ថែមដោយប្រទេសមួយចំនួន។

