ប្រទេសកាតា ហ្ស៊កដានី ឥណ្ឌូនេស៊ី ទួរគី ប៉ាគីស្ថាន អារ៉ាប៊ីសាអ៊ូឌីត អេហ្ស៊ីប និងប្រទេសអារ៉ាប់រួម បានថ្កោលទោសអ៊ីស្រាអែលសម្រាប់ការបន្តបិទវិហារ Al-Aqsa ក្នុងអំឡុងខែបុណ្យរ៉ម៉ាឌន ដ៏ពិសិដ្ឋរបស់ពលរដ្ឋមូស្លីមសម្រាប់ថ្ងៃទី១២ ជាប់ៗគ្នា។

នៅក្នុងសេចក្តីថ្លែងការណ៍ ដែលបានចេញផ្សាយកាលពីថ្ងៃពុធ រដ្ឋមន្ត្រីការបរទេសនៃប្រទេសអារ៉ាប់ និងឥស្លាមចំនួនប្រាំបី បាននិយាយថា ការរឹតត្បិតរបស់អ៊ីស្រាអែល លើការចូលទៅកាន់ទីក្រុងចាស់របស់ប៉ាឡេស្ទីននៅទីក្រុងយេរុយសាឡឹម និងទីគោរពបូជា គឺជា «ការរំលោភបំពានធ្ងន់ធ្ងរចំពោះច្បាប់អន្តរជាតិ រួមទាំងច្បាប់មនុស្សធម៌អន្តរជាតិ ស្ថានភាពប្រវត្តិសាស្ត្រនិងផ្លូវច្បាប់បច្ចុប្បន្ន ព្រមទាំងគោលការណ៍នៃការចូលទៅកាន់ទីគោរពបូជាដោយគ្មានការរឹតត្បិត»។
សេចក្តីថ្លែងការណ៍បានសរសេរថា «រដ្ឋមន្ត្រី បានបញ្ជាក់ពីការច្រានចោល និងថ្កោលទោសយ៉ាងដាច់ខាតចំពោះវិធានការខុសច្បាប់និងមិនសមហេតុផលនេះ ព្រមទាំងសកម្មភាពបង្កហេតុជាបន្តបន្ទាប់របស់អ៊ីស្រាអែល នៅវិហារ Al-Aqsa / Al-Haram Al-Sharif និងប្រឆាំងអ្នកគោរពបូជា។ ពួកគេបានសង្កត់ធ្ងន់ថា អ៊ីស្រាអែល ពុំមានអធិបតេយ្យភាពនៅទីក្រុងយេរុយសាឡឹម ឬទីតាំងពិសិដ្ឋរបស់សាសនាឥស្លាម និងគ្រិស្តសាសនាទាំងនេះទេ»។

សេចក្តីថ្លែងការណ៍បាននិយាយថា «រដ្ឋមន្ត្រី បានអំពាវនាវដល់អ៊ីស្រាអែល ជាប្រទេសចូលកាន់កាប់ ឱ្យបញ្ឈប់ការបិទទ្វារវិហារអ៊ីស្លាម Al-Aqsa ជាបន្ទាន់ ដកការរឹតត្បិតចូលទៅកាន់ទីក្រុងចាស់នៃទីក្រុងយេរុយសាឡឹម និងបញ្ចៀសការរារាំងការចូលទៅកាន់វិហារអ៊ីស្លាមរបស់អ្នកគោរពបូជាមូស្លីម» ដោយអំពាវនាវដល់សហគមន៍អន្តរជាតិបង្ខំអ៊ីស្រាអែលឱ្យបញ្ឈប់ «ការរំលោភបំពានជាបន្តបន្ទាប់» របស់ខ្លួន។