មន្ត្រីជំនាញបានបញ្ជាក់ថា សេចក្តីព្រាងច្បាប់ស្តីពីការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាបានកំណត់អំពីទោសទណ្ឌចំពោះអ្នកដែលបានប្រព្រឹត្តបទល្មើស និងអាស្រ័យទៅលើបទល្មើសដែលជនសង្ស័យបានប្រព្រឹត្ត។ ហើយការបង្កើតច្បាប់នេះ គឺស្របជាមួយនឹងស្មារតីនៃអនុសញ្ញាអន្តរជាតិដែលកម្ពុជាទើបតែចុះហត្ថលេខារួច និងតាមឲ្យទាន់បទល្មើសបច្ចេកវិទ្យាដែលបានកើតឡើងនាពេលបច្ចុប្បន្នមិនថាកម្ពុជា ឬក៏ប្រទេសផ្សេងទៀតនៅទូទាំងសកលលោកទេ។
លោកជំទាវ ឌី ម៉ូឡានី អ្នកនាំពាក្យក្រសួងយុត្តិធម៌បានថ្លែងប្រាប់ BTV នៅថ្ងៃទី១២ ខែមីនានេះថា សេចក្តីព្រាងច្បាប់ស្តីពីការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ធ្វើឡើងស្របជាមួយនឹងស្មារតីនៃអនុសញ្ញាអន្តរជាតិដែលកម្ពុជាទើបតែចុះហត្ថលេខារួច និងតាមឲ្យទាន់បទល្មើសបច្ចេកវិទ្យាដែលបានកើតឡើងនាពេលបច្ចុប្បន្នមិនថាកម្ពុជា ឬក៏ប្រទេសផ្សេងទៀតនៅទូទាំងសកលលោកទេ។ ហេតុនេះទាមទារឲ្យបង្កើតច្បាប់ដែលតាមទាន់ជាមួយនឹងបទល្មើសទាំងអស់នេះដើម្បីដាក់ទោសជនល្មើស។ ហើយនៅក្នុងច្បាប់នេះ ក៏បានកំណត់អំពីទោសទណ្ឌចំពោះអ្នកដែលបានប្រព្រឹត្តផងដែរ។ ប៉ុន្តែទោសបញ្ញត្តិជាក់ស្តែង ធម្មតាការដាក់ទោស គឺមានច្រើន និងអាស្រ័យទៅលើបទល្មើស ហើយវាអាចមានស្ថានទម្ងន់នៃបទល្មើស និងមិនអាចបញ្ជាក់ជារួមជូនបានទេ។
សូមជម្រាបថា នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៦ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នឹងដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ដើម្បីពិភាក្សា និងឆ្លងលើរបៀបវារៈសំខាន់ៗមួយចំនួន ក្នុងនោះមានសេចក្តីព្រាងច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងវឌ្ឍនភាពការអនុវត្តការងារផងដែរ។ សេចក្តីព្រាងច្បាប់នេះ នឹងបង្កើតបានជាក្របខ័ណឌគតិយុត្តមួយដ៏សំខាន់ និង ច្បាស់លាស់បន្ថែមទៀត ដើម្បីលើកកម្ពស់ប្រសិទ្ធភាពនៃការបង្ការ, ទប់ស្កាត់ និងបង្រ្កាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដែលជាអាទិភាពមួយដ៏សំខាន់របស់រាជរដ្ឋាភិបាល៕ អត្ថបទ៖ វង្ស សុភាព
