មណ្ឌលគិរី៖ នៅថ្ងៃស្អែកនេះ ក្រសួងពាណិជ្ជកម្ម នឹងចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្រ្តទំនិញ ទឹកឃ្មុំព្រៃមណ្ឌលគិរី ក្នុងគោលបំណងផ្តល់កិច្ចការពារកម្មសិទ្ធិបញ្ញា ដល់សមាគមអភិរក្សឃ្មុំព្រៃខេត្តមណ្ឌលគិរី ដែលជាម្ចាស់ម៉ាកសម្គាល់ភូមិសាស្រ្តទំនិញ ក្រោមច្បាប់ស្តីពីម៉ាកសម្គាល់ភូមិសាស្រ្តទំនិញនៃកម្ពុជា។
ក្រសួងពាណិជ្ជកម្មកម្ពុជា បានបញ្ជាក់ថា នៅថ្ងៃស្អែកទី២៧ ខែមីនា ឆ្នាំ២០២២ នឹងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការម៉ាកសម្គាល់ភូមិសាស្រ្តទំនិញ ដែលនឹងប្រារព្ធធ្វើឡើងនៅសួនច្បារសែនមនោរម្យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ក្រោមអធិបតីភាពឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងមានការចូលរួមពី ឯកឧត្តមអភិបាលខេត្ត តំណាងអង្គទូតប្រចាំកម្ពុជា អង្គការដៃគូអភិវឌ្ឍន៍ថ្នាក់ជាតិ និងអន្តរជាតិ សមាជិកសមាគមអភិរក្សឃ្មុំព្រៃខេត្តមណ្ឌលគិរី ដែលមានអ្នកចូលរួមប្រមាណ ៣០០រូប។
នាយកដ្ឋានកម្មសិទ្ធិបញ្ជា នៃក្រសួងពាណិជ្ជកម្ម កាលពីថ្ងៃទី២៥ ខែមីនាកន្លងទៅ បានឲ្យដឹងថា ការចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្រ្តទំនិញ ទឹកឃ្មុំព្រៃមណ្ឌលគិរី គឺដើម្បីទប់ស្កាត់ការក្លែងបន្លំម៉ាកសម្គាល់ភូមិសាស្រ្តទំនិញ ទឹកឃ្មុំព្រៃមណ្ឌលគិរីនៅលើទីផ្សារជាតិ និងអន្តរជាតិ, អភិរក្សចំណេះដឹង-ចំណេះធ្វើ និងទេពកោសល្យតាមបែបប្រពៃណីរបស់ប្រជាកសិករ និងសហគមន៍ជនជាតិពូនងក្នុងខេត្តមណ្ឌលគិរី តាមរយៈការរៀបចំចងក្រងសៀវភៅបន្ទុក «ទឹកឃ្មុំព្រៃមណ្ឌលគិរី», លើកកម្ពស់គុណភាពសំបកវេចខ្ចប់ ផ្សព្វផ្សាយអំពីកេរ្តិ៍ឈ្មោះម៉ាកសម្គាល់ភូមិសាស្រ្តទំនិញ «ទឹកឃ្មុំព្រៃមណ្ឌលគិរី» និងចូលរួមថែរក្សាតំបន់ព្រៃការពារ ជាគោលដៅទេសចរណ៍ និងបង្កើនច្រវ៉ាក់តម្លៃ បង្កើតការងារ និងលើកកម្ពស់ជីវភាពប្រជាកសិករក្នុងតំបន់។
ប្រភពដដែល បានលើកឡើងបន្តថា រួមជាមួយនឹងព្រឹត្តិការណ៍សម្ពោធនេះ នឹងមានពិធីប្រារព្ធទិវាមួយម៉ោងសម្រាប់ភពផែនដី (Earth Hour) ឆ្នាំ២០២២ និងមានស្តង់សម្រាប់ដាក់តាំងបង្ហាញ និងលក់ផលិតផលម៉ាកសម្គាល់ភូមិសាស្រ្តទំនិញ “ទឹកឃ្មុំព្រៃមណ្ឌលគិរី” “ម្រេចកំពត” “ស្ករត្នោតកំពង់ស្ពឺ” និង “ក្រូចថ្លុងកោះទ្រង់” និងផលិតផលម៉ាកសមូហភាព “អង្ករព្រះវិហារ” និង“អំបុកកំពង់ធំ” ព្រមទាំងផលិតផលផ្សេងៗទៀតចាប់ពីថ្ងៃ២៦ រហូតដល់២៨ ខែមីនា ឆ្នាំ២០២២ផងដែរ។
ក្រសួងពាណិជ្ជកម្ម ដែលមាននាយកដ្ឋានកម្មសិទ្ធិបញ្ញាជាសេនាធិការ បានចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្រ្តទំនិញ “ទឹកឃ្មុំព្រៃមណ្ឌលគិរី” នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២០ ដោយបានរៀបចំចងក្រង និងតម្កល់សៀវភៅបន្ទុក “ទឹកឃ្មុំព្រៃមណ្ឌលគិរី” ក្រោមកិច្ចគាំទ្ររបស់អង្គការមូលនិធិសកលសម្រាប់អភិរក្សធម្មជាតិ (WWF) វិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍ជនបទកម្ពុជា (CIRD) និងសមាគមអភិរក្សឃ្មុំព្រៃខេត្តមណ្ឌលគិរី ក្រោមជំនួយពីពលរដ្ឋអាមេរិក USAID, សហភាពអឺរ៉ុប និងស៊ីដា (EU/Sida), ក្រសួងសហព័ន្ធអាល្លឺម៉ង់សម្រាប់កិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍សេដ្ឋកិច្ច (BMZ), ធនាគាអភិវឌ្ឍន៌អាស៊ី (ADB) តាមរយៈក្រសួងបរិស្ថាន និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងមូលនិធិ October Hill Foundation៕ អត្ថបទ ឈិត បូរ៉ាវី