លោក Steve Witkoff ប្រេសិតពិសេសរបស់សហរដ្ឋអាមេរិក បាននិយាយថា គណៈប្រតិភូរុស្ស៊ី ដឹកនាំដោយលោក Kirill Dmitriev ដែលជាប្រេសិតពិសេសរបស់លោកប្រធានាធិបតីរុស្ស៊ី Vladimir Putin បានជួបប្រជុំជាមួយគណៈប្រតិភូអាមេរិកនៅរដ្ឋ Florida កាលពីថ្ងៃពុធ (១១ មីនា) ដោយបន្ថែមថា ក្រុមមន្រ្តីបានពិភាក្សាអំពី «ប្រធានបទជាច្រើន» ហើយបានយល់ព្រមរក្សាទំនាក់ទំនងនឹងគ្នា។

ក្នុងសារបង្ហោះលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម X លោក Dmitriev បានថ្លែងអំណរគុណដល់ម្ចាស់ផ្ទះនៃកិច្ចប្រជុំគឺលោក Witkoff និងលោក Jared Kushner ដែលជាកូនប្រសាររបស់លោកប្រធានាធិបតីអាមេរិក Donald Trump ក៏ដូចជាលោក Josh Gruenbaum ដែលជាទីប្រឹក្សាសេតវិមាន សម្រាប់កិច្ចប្រជុំប្រកបដោយ «ផលិតភាព» ហើយភាគីទាំងពីរក៏បានពិភាក្សាពីវិបត្តិថាមពលសកលផងដែរ។

កិច្ចចរចានេះបានកើតឡើងបន្ទាប់ពីសហរដ្ឋអាមេរិក កាលពីដើមសប្តាហ៍នេះ បានដកទណ្ឌកម្មមួយចំនួនលើប្រេងរបស់រុស្ស៊ី ដែលបានដាក់ចេញដោយសារតែជម្លោះនៅអ៊ុយក្រែនក្នុងឆ្នាំ២០២២ ដើម្បីបន្ធូរបន្ថយតម្លៃប្រេង ក្នុងអំឡុងពេលសង្គ្រាមអ៊ីរ៉ង់។ លោក Trump បាននិយាយនៅសប្តាហ៍នេះថា ក្នុងជំនួបទូរសព្ទរបស់លោកជាមួយលោក Putin មេដឹកនាំរុស្ស៊ីរូបនេះបានបង្ហាញពីបំណងចង់ «ជួយ» ទាក់ទងនឹងសង្គ្រាមមជ្ឈិមបូព៌ា។
នៅមុនកិច្ចប្រជុំ Florida នោះ លោក Witkoff បាននិយាយសម្រាលលើបាយការណ៍ដែលថា រុស្ស៊ីកំពុងផ្តល់ព័ត៌មានចារកម្មសម្ងាត់ឱ្យអ៊ីរ៉ង់ អំពីចលនារបស់កងទ័ព នាវា និងយន្តហោះអាមេរិក។ លោក Witkoff បាននិយាយកាលពីថ្ងៃអង្គារថា៖ ទីក្រុងមូស្គូបានបដិសេធរឿងបែបនេះ ក្នុងអំឡុងពេលជំនួបតាមទូរសព្ទរបស់លោក Trump ជាមួយលោក Putin កាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះ៕