ប្រធានផ្នែកជំនួយរបស់អង្គការសហប្រជាជាតិ (UN) បានព្រមានកាលពីថ្ងៃពុធ (១១ មីនា) ថា ជម្លោះដ៏ក្ដៅគគុកនៅតំបន់មជ្ឈិមបូព៌ា កំពុងធ្វើឱ្យប្រតិបត្តិការមនុស្សធម៌នៅទូទាំងពិភពលោក រងសម្ពាធយ៉ាងខ្លាំង ដោយរំខានដល់ខ្សែច្រវាក់ផ្គត់ផ្គង់ និងធ្វើឱ្យការចែកចាយជំនួយសង្គ្រោះជីវិតទៅកាន់តំបន់មានវិបត្តិជាច្រើន មានភាពយឺតយ៉ាវ។

លោក Tom Fletcher ប្រធានទីភ្នាក់ងារជំនួយរបស់អង្គការសហប្រជាជាតិ បានប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រថា៖ «នេះគឺជាគ្រាដ៏គ្រោះថ្នាក់មួយសម្រាប់មជ្ឈិមបូព៌ា ក៏ដូចជាសម្រាប់ពិភពលោកទាំងមូល»។ លោក Fletcher បន្តថា ការផ្គត់ផ្គង់ជំនួយទៅកាន់តំបន់ហ្កាហ្សា និងអនុតំបន់សាហារ៉ាអាហ្វ្រិក កំពុងរងផលប៉ះពាល់ដោយជម្លោះនេះ ហើយជំនួយមនុស្សធម៌ដែលត្រូវធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រហ័រមូស ឬឆ្លងកាត់ដែនអាកាសនៅឈូងសមុទ្រ ភាគច្រើនត្រូវបានរារាំង ឬរឹតត្បិត។

សង្គ្រាមរវាងសហរដ្ឋអាមេរិក និងអ៊ីស្រាអែល ជាមួយអ៊ីរ៉ង់ ដែលបានពង្រីកដល់ប្រទេសលីបង់ និងហួសទៅដល់បណ្ដាប្រទេសឈូងសមុទ្រ បានធ្វើឱ្យទីផ្សារពិភពលោករង្គោះរង្គើ និងរំខានដល់ខ្សែច្រវាក់ផ្គត់ផ្គង់ ជាពិសេសលើបណ្ដាញថាមពលសកល ដោយមានការបិទដែនអាកាស និងការបញ្ឈប់ការដឹកជញ្ជូនតាមច្រកសមុទ្រហ័រមូស ដ៏សំខាន់។

លោក Fletcher បានពន្យល់ថា តម្លៃប្រេងខ្ពស់ កំពុងធ្វើឱ្យការដឹកជញ្ជូនជំនួយរបស់អង្គការសហប្រជាជាតិតាមផ្លូវអាកាស មានតម្លៃថ្លៃជាងមុន ស្របពេលដែលទីភ្នាក់ងារនានារបស់អង្គការសហប្រជាជាតិ និងអង្គការមិនមែនរដ្ឋាភិបាល កំពុងប្រឈមមុខនឹងការកាត់បន្ថយថវិការបស់ម្ចាស់ជំនួយសំខាន់ៗរួចទៅហើយ៕