ទូកអ៊ីរ៉ង់ដែលផ្ទុកដោយគ្រឿងផ្ទុះ ទំនងជាបានវាយប្រហារនាវាដឹកប្រេងឥន្ធនៈ ២គ្រឿង នៅក្នុងដែនទឹកអ៊ីរ៉ាក់ ដោយបានធ្វើឲ្យមានអគ្គិភ័យឆាបឆេះឡើង និងបណ្ដាលឲ្យសមាជិកនាវិកម្នាក់ស្លាប់ កាលពីថ្ងៃពុធ (ទី១១ ខែមីនា ឆ្នាំ២០២៦) ដោយហេតុការណ៍នោះកើតឡើងបន្ទាប់ពីមីស៊ីលបានវាយប្រហារនាវាចំនួន ៤គ្រឿង នៅក្នុងដែនទឹកឈូងសមុទ្រ។ នេះបើយោងតាមការឲ្យដឹងពីក្រុមហ៊ុនកំពង់ផែ សន្តិសុខសមុទ្រ និងហានិភ័យ។

ការវាយប្រហារចុងក្រោយបំផុតលើនាវាដែលមានទំនាក់ទំនងជាមួយសហរដ្ឋអាមេរិក និងអឺរ៉ុប បានបង្ហាញពីការកើនឡើងនូវជម្លោះ រវាងអ៊ីរ៉ង់ និងកងកម្លាំងអាមេរិក-អ៊ីស្រាអែល ដែលធ្វើឲ្យចំនួននាវាដែលត្រូវបានវាយប្រហារ នៅក្នុងតំបន់នេះ ឡើងដល់យ៉ាងហោចណាស់ ១៦គ្រឿង គិតចាប់តាំងពីការប្រយុទ្ធគ្នាបានចាប់ផ្តើម។

ការដឹកជញ្ជូនទំនិញ នៅក្នុងឈូងសមុទ្រ និងតាមបណ្តោយច្រកសមុទ្រ Hormuz (ហ័រមូស) ដ៏តូចចង្អៀត ដែលដឹកជញ្ជូនប្រេងប្រហែល ១ភាគ៥ របស់ពិភពលោក បានឈានដល់កម្រិតជាប់គាំងស្ទើរតែទាំងស្រុង ចាប់តាំងពីសហរដ្ឋអាមេរិក និងអ៊ីស្រាអែល បានចាប់ផ្តើមវាយប្រហារលើអ៊ីរ៉ង់ កាលពីថ្ងៃទី២៨ ខែកុម្ភៈ ដោយធ្វើឲ្យតម្លៃប្រេងសកលហក់ឡើងដល់កម្រិតខ្ពស់បំផុតមិនធ្លាប់មាន គិតចាប់តាំងពីឆ្នាំ២០២២ មក។

ឆ្មាំបដិវត្តន៍អ៊ីរ៉ង់ បានបញ្ជាក់ថា ប្រសិនបើការវាយប្រហារលើអ៊ីរ៉ង់នៅតែបន្តមាន ពួកគេនឹងមិនអនុញ្ញាតឲ្យ «ប្រេងសូម្បី ១លីត្រ» ត្រូវបានដឹកជញ្ជូនពីតំបន់មជ្ឈិមបូព៌ាទៅកាន់សហរដ្ឋអាមេរិក អ៊ីស្រាអែល ឬដៃគូរបស់ពួកគេជាដាច់ខាត។ ចំណែកប្រធានាធិបតីអាមេរិក លោក Donald Trump បានព្រមានថា ទីក្រុងវ៉ាស៊ីនតោននឹង វាយប្រហារអ៊ីរ៉ង់កាន់តែខ្លាំង ប្រសិនបើខ្លួនរារាំងការនាំចេញប្រេង ហើយបាននិយាយថា ក្រុមហ៊ុនប្រេងគួរតែប្រើប្រាស់ច្រកសមុទ្រនេះ ពីព្រោះ «កងទ័ពជើងទឹកទាំងអស់របស់អ៊ីរ៉ង់ស្ទើរតែលែងមានវត្តមានហើយ»។
គួរបញ្ជាក់ថា បើយោងតាមមន្ត្រីកំពង់ផែអ៊ីរ៉ាក់ ២រូប បានឲ្យដឹងថា នាវាដែលត្រូវបានវាយប្រហារកាលពីយប់ថ្ងៃពុធ នៅឈូងសមុទ្រក្បែរប្រទេសអ៊ីរ៉ាក់ គឺនាវា Safesea Vishnu ដែលមានទង់ជាតិប្រទេសកោះ Marshall និងនាវា Zefyros ដែលមានទង់ជាតិម៉ាល់តា ដែលបានផ្ទុកទំនិញប្រេងឥន្ធនៈនៅក្នុងប្រទេសអ៊ីរ៉ាក់។ ក្នុងចំណោមនាវាទាំងនោះ នាវាដឹកទំនិញស្ងួត Mayuree Naree ដែលមានទង់ជាតិថៃ ក៏រងការវាយប្រហារដែរ៕