ភ្នំពេញ៖ អនុវត្តតាមប្រសាសន៍សម្តេចតេជោ នាយករដ្ឋមន្ត្រី នៃកម្ពុជា នៅក្នុងឆ្នាំ២០២២នេះ រដ្ឋបាលសាលារាជធានីភ្នំពេញ បានប្រកាសរៀបចំកម្មវិធីអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រៃពៃណីជាធម្មតាឡើងវិញ ហើយពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីយ៍ខ្មែរនេះ នឹងឈានចូលមកដល់នៅថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសាឆ្នាំ២០២២។
បើតាមឯកឧត្តម កើត ឆែ អភិបាលរងសាលារាជធានីភ្នំពេញ បានថ្លែងប្រាប់BTV នៅថ្ងៃទី២៦ ខែមីនានេះថា នៅក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរឆ្នាំនេះ រដ្ឋបាលរាជធានីភ្នំពេញ បានអនុញ្ញាតឱ្យបណ្តាគ្រឹះស្ថានរដ្ឋនិងឯកជន វត្តអារ៉ាមនានា រៀបចំកម្មវិធីកម្សាន្តសប្បាយជាធម្មតាឡើងវិញ ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ដែលឈានចូលមកក្នុងរយៈពេលប្រមាណ ១៦ថ្ងៃបន្ទាប់ទៀតនេះ។
ឯកឧត្តម កើត ឆែ បន្តថា នៅក្នុងឆ្នាំនេះដែរ រដ្ឋបាលរាជធានីភ្នំពេញ នឹងរៀបចំកម្មវិធីសង្ក្រាន្តឆ្នាំថ្មីនៅវត្តភ្នំឡើងវិញជាធម្មតា តែការរៀបចំកម្មវិធីសង្ក្រាន្តនោះ នឹងត្រូវដាក់កម្រិតអោយអ្នកចូលរួមត្រូវអនុវត្តវិធានសុខាភិបាល ដោយត្រូវកំណត់ចំនួនមនុស្សមិនអោយចូលច្រើនកុះករខ្លាំង ហើយអ្នកគ្រប់អ្នកចូលរួមទាំងអស់គឺត្រូវតែធ្វើការពាក់ម៉ាស់ជាចាំបាច់។
ឯកឧត្តម កើត ឆែ បន្តថា ដោយឡែកសម្រាប់ការរៀបចំកម្មវិធីបុណ្យចូលឆ្នាំថ្មីនៅតាមបណ្តាទីវត្តអារ៉ាមវិញ រដ្ឋបាលរាជធានីភ្នំពេញ ក៏បានណែនាំអោយអាជ្ញាធរតាមបណ្តាខ័ណ្ឌទាំងអស់ ត្រូវសហការជាមួយព្រះចៅអធិការគ្រប់វត្តទាំងអស់ ដើម្បីរៀបចំកម្មវិធីចូលឆ្នាំថ្មីប្រពៃណីជាតិឡើងវិញ ប៉ុន្តែ ត្រូវរឹតបន្តការអនុវត្តវិធានសុខាភិបាល មិនអនុញ្ញាតអោយពលរដ្ឋចេញចូលសេរី ដោយមិនពាក់ម៉ាស់ និងធ្វើអោយបរិវេណវត្តមានភាពចង្អៀតណែននោះទេ។
ទោះយ៉ាងណានៅក្នុងឱកាសការរៀបចំកម្មវិធីសង្ក្រាន្ត និងកម្មវិធីបុណ្យចូលឆ្នាំប្រពៃណីជាតិនៅតាមទីសាធារណៈនិងនៅតាមទីវត្តអារ៉ាមនានា ឯកឧត្តម កើត ឆែ ក៏បានស្នើសុំបណ្តាភ្ញៀវទេសចរជាតិអន្តរជាតិ ក៏ដូចប្រជាពលរដ្ឋ សូមធ្វើការពាក់ម៉ាស់ជាចំបាច់ ហើយបើអាច គឺសូមដាក់ប័ណ្ណចាក់វ៉ាក់សាំងការពារកូវីដ១៩ នៅតាមជាប់ខ្លួន ព្រោះថា អាជ្ញាធរមូលដ្ឋានអាចនឹងធ្វើពិនិត្យកាតចាក់វ៉ាក់សាំងនៅចូលក្នុងបរិវេណវត្ត និងកន្លែងប្រារព្វកម្មវិធីសង្គ្រាន្តនានាទៀត៕អត្ថបទ៖ ស៊ុម សុខជា
