ក្រុមស៊ីអ៊ីតប្រដាប់អាវុធដែលជាផ្នែកមួយនៃក្រុមតស៊ូឥស្លាមនៅប្រទេសអ៊ីរ៉ាក់ បានធ្វើប្រតិបត្តិការចំនួន ២៩១ លើក ប្រឆាំងនឹងមូលដ្ឋានយោធាអាមេរិកនៅមជ្ឈិមបូព៌ា ក្នុងរយៈពេល ១២ថ្ងៃ កន្លងមកនេះ។ នេះបើយោងតាមសេចក្តីថ្លែងការណ៍មួយ។

យោងតាមសេចក្តីថ្លែងការណ៍នោះ បានឲ្យដឹងថា ទាហានអាមេរិក ១៣នាក់ ត្រូវបានសម្លាប់ នៅក្នុងការវាយប្រហារ និងរាប់សិបនាក់ បានរងរបួស។

សេចក្តីថ្លែងការណ៍ដែលបានចេញផ្សាយនៅលើបណ្តាញ Telegram បានបញ្ជាក់ថា៖«ចំនួនសរុបនៃប្រតិបត្តិការក្នុងរយៈពេល ១២ថ្ងៃ បានឈានដល់ ២៩១ លើក។ ជាលទ្ធផល ជនជាតិអាមេរិក ១៣នាក់ត្រូវបានសម្លាប់ និងរាប់សិបនាក់ បានរងរបួស ក្នុងនោះមានអ្នកខ្លះរងរបួសធ្ងន់ធ្ងរ»។ ក្នុងរយៈពេល ២៤ ម៉ោងកន្លងមកនេះ ក្រុមសកម្មប្រយុទ្ធនេះ បានធ្វើការវាយប្រហារចំនួន ៣១លើក ដោយប្រើយានដ្រូន និងមីស៊ីល។
នៅថ្ងៃទី ២៨ ខែកុម្ភៈ ចលនានេះ បានប្រកាសថា ខ្លួនកំពុងបន្តប្រតិបត្តិការប្រឆាំងនឹងកងកម្លាំងអាមេរិកនៅមជ្ឈិមបូព៌ា បន្ទាប់ពីការចាប់ផ្តើមនៃការវាយប្រហាររបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែលលើអ៊ីរ៉ង់៕