តម្រូវការយ៉ាងទូលំទូលាយសម្រាប់ឧស្ម័នធម្មជាតិរាវ (LNG) នៅអាស៊ី ដើម្បីមកជំនួសផលិតកម្មបច្ចុប្បន្ន ដែលត្រូវបានកាត់ផ្តាច់ដោយសារសង្គ្រាមនៅមជ្ឈិមបូព៌ា កំពុងតែទាញយកការដឹកជញ្ជូនបែបនេះកាន់តែច្រើនចេញពីអឺរ៉ុប ដោយក្នុងនោះមានការដឹកជញ្ជូនរបស់សហរដ្ឋអាមេរិកយ៉ាងហោចណាស់ ១ជើង បានផ្លាស់ប្តូរគោលដៅរបស់ខ្លួនទៅកាន់ប្រទេសចិនវិញ ដែលនេះនឹងបញ្ចប់ការផ្អាកការនាំចូលអស់រយៈពេល ១ឆ្នាំ ដោយសារបញ្ហាពន្ធដ៏ចម្រូងចម្រាសកាលពីមុន។

ជម្លោះនៅមជ្ឈិបូព៌ា ដែលបានចាប់ផ្តើមជាមួយនឹងការវាយប្រហាររបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែលលើអ៊ីរ៉ង់ កាលពីថ្ងៃទី២៨ ខែកុម្ភៈ បានធ្វើឱ្យចរាចរណ៍តាមច្រកសមុទ្រហ័រមូស ត្រូវជាប់គាំង ដែលរំខានដល់ការផ្គត់ផ្គង់នានាពីប្រទេសកាតា — ដែលជាប្រទេសនាំចេញឧស្ម័ន LNG ធំជាងគេលំដាប់ទីពីរលើពិភពលោក បន្ទាប់ពីសហរដ្ឋអាមេរិក — ហើយបង្ខំឱ្យអ្នកទិញត្រូវប្រជែងគ្នាដណ្តើមយកទំនិញដែលនៅសេសសល់។

ទិន្នន័យតាមដាននាវាពីក្រុមហ៊ុនវិភាគ Kpler បានបង្ហាញថា នាវាដឹកទំនិញ UMM Ghuwailina នាវា Elisa Ardea និងនាវា Pan Americas បានផ្តល់សញ្ញាឆ្ពោះទៅកាន់កំពង់ផែអឺរ៉ុប ក្រោយមកបានប្តូរគោលដៅមកកាន់អាស៊ីវិញ។ យោងតាមទិន្នន័យពី Kpler នាវា UMM Ghuwailina បានទទួលទំនិញពីស្ថានីយ LNG ក្នុងរដ្ឋ Louisiana សហរដ្ឋអាមេរិក កាលពីថ្ងៃទី១ ខែមីនា ហើយធ្លាប់ផ្តល់សញ្ញាថា គោលដៅគឺជាកំពង់ផែនៅប៊ែលហ្សិក ប៉ុន្តែក្រោយមក បានប្តូរទៅទីក្រុង ធានជីន ប្រទេសចិនវិញ។

ការដឹកជញ្ជូននេះ នឹងក្លាយជាទំនិញបែបនេះដំបូងបង្អស់ពីសហរដ្ឋអាមេរិកដែលទៅដល់ប្រទេសចិន គិតចាប់តាំងពីនាវា Mu Lan បានដាក់ទំនិញចុះនៅក្រុង Zhangshou កាលពីខែកុម្ភៈឆ្នាំមុន មុនពេលដែលការដំឡើងពន្ធសងសឹកគ្នាទៅវិញទៅមករវាងទីក្រុងប៉េកាំង និងវ៉ាស៊ីនតោន បានធ្វើឱ្យការនាំចូលបែបនេះបាត់បង់លទ្ធភាពប្រកួតប្រជែង៕