អ្នកនាំពាក្យអង្គការសហប្រជាជាតិម្នាក់ បាននិយាយកាលពីថ្ងៃពុធថា អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក អង់តូនីញ៉ូ ហ្គុយតឹរេស (Antonio Guterres) មានការខឹងសម្បាយ៉ាងខ្លាំងចំពោះការវាយប្រហារដោយយានដ្រូនដែលបានសម្លាប់បុគ្គលិកមូលនិធិកុមារអង្គការសហប្រជាជាតិ (UNICEF) នៅភាគខាងកើតសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ (DRC)។

លោក Stephane Dujarric អ្នកនាំពាក្យរបស់លោក ហ្គុយតឺរេស បាននិយាយថា៖«មិត្តរួមការងាររបស់យើង លោកស្រី Karine Buisset ត្រូវបានសម្លាប់ នៅក្នុងការវាយប្រហារដោយដ្រូនលើអគារមួយដែលជាកន្លែងស្នាក់នៅរបស់បុគ្គលិកជំនួយ»។ «លោកស្រី Karine គឺជាបុគ្គលិកមនុស្សធម៌ដែលខិតខំប្រឹងប្រែងដែលបានធ្វើការដោយមិនខ្លាចនឿយហត់ ដើម្បីគាំទ្រដល់កុមារ និងគ្រួសារដែលរងផលប៉ះពាល់ដោយជម្លោះ និងវិបត្តិ»។

លោកបាននិយាយថា កងកម្លាំងរក្សាសន្តិភាពមកពីបេសកកម្មអង្គការសហប្រជាជាតិនៅក្នុងប្រទេសកុងហ្គោ បានឆ្លើយតបសម្រាប់ការគាំទ្របន្ទាន់ និងបានធ្វើការវាយតម្លៃដំបូងអំពីការវាយប្រហារនៅទីក្រុង ហ្គោម៉ា។
ដោយដកស្រង់សម្តីការិយាល័យសម្របសម្រួលកិច្ចការមនុស្សធម៌របស់UN អ្នកនាំពាក្យរូបនេះបាននិយាយថា លោកស្រី Buisset គឺជាបុគ្គលិកមនុស្សធម៌ទី២ ដែលត្រូវបានសម្លាប់ នៅក្នុងប្រទេសកុងហ្គោ ក្នុងឆ្នាំនេះ ។ ចាប់តាំងពីខែមករាមក យ៉ាងហោចណាស់ឧប្បត្តិហេតុចំនួន ៩២ ដែលប៉ះពាល់ដល់បុគ្គលិកមនុស្សធម៌ ត្រូវបានរាយការណ៍ នៅទូទាំងប្រទេសនេះ។
លោក Dujarric បានទទូចថា ភាគីនានានៃជម្លោះនៅកុងហ្គោ ត្រូវតែធានាការការពារជនស៊ីវិល និងអ្នកដែលផ្តល់ជំនួយសង្គ្រោះជីវិត។ «បុគ្គលិកមនុស្សធម៌មិនត្រូវក្លាយជាគោលដៅឡើយ។ នេះគឺជាច្បាប់អន្តរជាតិ។ ច្បាប់នេះ គឺមិនមែនសម្រាប់ជជែកវែកញែក ហើយក៏សម្រាប់ចរចាដែរ។ វាត្រូវតែត្រូវបានគោរពជាដាច់ខាត»៕