រដ្ឋមន្ត្រីការបរទេសហុងគ្រី លោក Peter Szijjarto បានថ្លែងនៅក្នុងកិច្ចប្រជុំរដ្ឋាភិបាលដែលចាក់ផ្សាយតាមទូរទស្សន៍ជាតិថា ទីផ្សារថាមពលអឺរ៉ុបបានក្លាយជា «ទីផ្សារដ៏តឹងតែងបំផុត» នៅលើពិភពលោក ដោយសារតែសង្គ្រាមនៅមជ្ឈិមបូព៌ា និងការបដិសេធរបស់សហភាពអឺរ៉ុប ក្នុងការទិញប្រេង និង ឧស្ម័នពីរុស្ស៊ី។

លោកបានកត់សម្គាល់ថា ស្ថានភាពជុំវិញអ៊ីរ៉ង់ កំពុងកើនឡើង ហើយទំនងជាមិនអាចដោះស្រាយបានក្នុងពេលឆាប់ៗនេះទេ។

លោករដ្ឋមន្ត្រីការបរទេស បាននិយាយថា៖«នេះមានន័យថា បរិមាណប្រេងដ៏ច្រើន នឹងបាត់ពីទីផ្សារអន្តរជាតិ ហើយការផ្គត់ផ្គង់នឹងក្លាយទៅជាមិនស្ថិតស្ថេរទាំងស្រុង។ ក្នុងស្ថានភាពនេះ អឺរ៉ុបគឺជាអ្នកចាញ់ទ្វេដង ដោយសារតែបន្ថែមពីលើការខូចខាតដែលបណ្តាលមកពីភាពមិនប្រាកដប្រជាទាំងស្រុងជុំវិញពាណិជ្ជកម្មតាមសមុទ្រ ការសម្រេចចិត្តពីមុនរបស់ទីក្រុងប្រ៊ុចសែលក្នុងការបដិសេធការផ្គត់ផ្គង់ថាមពលរបស់រុស្ស៊ី បាននាំឲ្យអឺរ៉ុបឥឡូវនេះមានធនធានថាមពលតិចបំផុតនៅលើពិភពលោក»។
លោក Szijjarto បានសង្កត់ធ្ងន់ថា៖«ដូច្នេះ ទីផ្សារថាមពលអឺរ៉ុប គឺជាទីផ្សារដ៏តឹងតែងបំផុត និងមិនគ្រប់គ្រាន់បំផុតនៅលើពិភពលោក»។ លោកបានរំលឹកឡើងវិញនូវការហាមឃាត់ការដឹកជញ្ជូនប្រេង និងផលិតផលប្រេងកាតរបស់រុស្ស៊ីតាមសមុទ្រទៅកាន់ប្រទេសសហភាពអឺរ៉ុប និងការសម្រេចចិត្តបញ្ឈប់ការដឹកជញ្ជូនធនធានថាមពលទាំងស្រុងពីប្រទេសរុស្ស៊ី នៅឆ្នាំ ២០២៧។ យោងតាមលោក ទីក្រុងប្រ៊ុចសែលបានកាត់ផ្តាច់អឺរ៉ុបចេញពីប្រភពសំខាន់ៗ នៅក្នុងតំបន់អឺរ៉ុបអាស៊ី។
លោករដ្ឋមន្ត្រីបានបញ្ជាក់ថា៖«ឥឡូវនេះ ស្នូលសម្រាប់ដំណើរការនៃសេដ្ឋកិច្ចអឺរ៉ុប អាចត្រូវបានផ្គត់ផ្គង់ដោយការផ្គត់ផ្គង់ថាមពលពីប្រភពឆ្ងាយជាងមុន ហើយដូច្នេះមានតម្លៃថ្លៃជាងពីមុន៕