ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) បាននិយាយថា លោកចង់ឃើញមនុស្សដែលមានសមត្ថភាពគ្រប់គ្រងប្រទេសអ៊ីរ៉ង់។

លោកបានប្រាប់អ្នកយកព័ត៌មានថា៖«តាមឧត្ដមគតិ យើងចង់ឃើញនរណាម្នាក់នៅទីនោះ ដែលដឹងពីអ្វីដែលពួកគេកំពុងធ្វើ។ ម្យ៉ាងវិញទៀត ពួកគេអាចកសាងប្រទេសមួយបាន»។
នៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន ABC News នៅថ្ងៃទី ០៨ ខែមីនា មេដឹកនាំអាមេរិករូបនេះ បាននិយាយថា មេដឹកនាំកំពូលបន្ទាប់របស់អ៊ីរ៉ង់ នឹងត្រូវទទួលបានការយល់ព្រមពីសហរដ្ឋអាមេរិក ប្រសិនបើលោកចង់ «នៅយូរអង្វែងនោះ»។

សហរដ្ឋអាមេរិក និងអ៊ីស្រាអែល បានចាប់ផ្តើមប្រតិបត្តិការយោធាប្រឆាំងនឹងអ៊ីរ៉ង់នៅថ្ងៃទី ២៨ ខែកុម្ភៈ។ ទីក្រុងធំៗរបស់អ៊ីរ៉ង់ រួមទាំងទីក្រុងតេអេរ៉ង់ ត្រូវបានវាយប្រហារ។ សេតវិមានបានបង្ហាញភាពត្រឹមត្រូវនូវការវាយប្រហារនេះ ដោយលើកឡើងពីការគំរាមកំហែងដោយមីស៊ីល និងនុយក្លេអ៊ែរពីអ៊ីរ៉ង់។ កងឆ្មាំបដិវត្តន៍ឥស្លាម បានប្រកាសពីប្រតិបត្តិការសងសឹក ដោយកំណត់គោលដៅលើទីតាំងនានា នៅក្នុងប្រទេសអ៊ីស្រាអែល។ មូលដ្ឋានយោធាអាមេរិកនៅបារ៉ែន ហ្ស៊កដានី គូវ៉ែត កាតា អារ៉ាប៊ីសាអ៊ូឌីត និងអេមីរ៉ាតអារ៉ាប់រួម ក៏ត្រូវបានវាយប្រហារផងដែរ។ មេដឹកនាំកំពូល Ayatollah Ali Khamenei និងមេដឹកនាំសំខាន់ៗអ៊ីរ៉ង់មួយចំនួនទៀត ត្រូវបានសម្លាប់ នៅក្នុងការវាយប្រហាររួមគ្នារបស់សហរដ្ឋអាមេរិក និងអ៊ីស្រា អែល៕