បារ៉ែនបានឃុំខ្លួនពលរដ្ឋបួននាក់ដែលសង្ស័យថា បានចារកម្មឲ្យកងកម្លាំងឆ្មាំបដិវត្តន៍ឥស្លាមអ៊ីរ៉ង់ (IRGC) ខណៈដែលការវាយប្រហារសងសឹករបស់ទីក្រុងតេអេរ៉ង់លើរដ្ឋឈូងសមុទ្រ មិនបង្ហាញសញ្ញានៃការថមថយឡើយ។

អគ្គនាយកដ្ឋានស៊ើបអង្កេតព្រហ្មទណ្ឌ និងវិទ្យាសាស្ត្រកោសល្យវិច័យរបស់ប្រទេសបារ៉ែន បានកំណត់អត្តសញ្ញាណអ្នកដែលត្រូវបានឃាត់ខ្លួនទាំង ៤នាក់ ថា លោក Murtadha Hussain Awal អាយុ ២៥ ឆ្នាំ លោក Ahmed Isa Al Haiki អាយុ ៣៤ ឆ្នាំ អ្នកស្រី Sarah Abdulnabi Marhoon អាយុ ៣៦ ឆ្នាំ និង លោក Elias Salman Mirza អាយុ ២២ឆ្នាំ។ ជនសង្ស័យទី ៥ គឺ លោក Ali Mohammed Hassan Al Shaikh អាយុ ២៥ឆ្នាំ គេចខ្លួនទៅនៅក្រៅប្រទេស។

ក្រុមអ្នកស៊ើបអង្កេត បាននិយាយថា លោក Murtadha Hussain និងបក្ខពួករបស់ខ្លួន ដែលធ្វើសកម្មភាពតាមការណែនាំរបស់ IRGC បានប្រើឧបករណ៍ដែលមានគុណភាពបង្ហាញភាពច្បាស់កម្រិតខ្ពស់ ដើម្បីថតរូប និងកត់ត្រាកូអរដោនេនៃទីតាំងសំខាន់ៗ នៅក្នុងប្រទេសបារ៉ែន ដោយបញ្ជូនទិន្នន័យទៅឲ្យ IRGC តាមរយៈកម្មវិធីដែលសរសេរអក្សរសម្ងាត់។
ការចាប់ខ្លួនទាំងនេះ បានកើតឡើង នៅពេលដែលអ៊ីរ៉ង់បង្កើនការវាយប្រហារនៅទូទាំងតំបន់ឈូង សមុទ្រ។ ក្រសួងមហាផ្ទៃបារ៉ែន បានចេញសេចក្តីជូនដំណឹងមួយដោយជំរុញឲ្យប្រជាជននៅក្នុងទីក្រុង Hidd, Arad, Qalali និង Samaheej ស្នាក់នៅក្នុងផ្ទះ និងបិទបង្អួចឲ្យជិតកុំឲ្យផ្សែងចេញពីអគ្គិភ័យដែលបង្កឡើងដោយការវាយប្រហាររបស់អ៊ីរ៉ង់ចូល។ ស៊ីទែនប្រេងឥន្ធនៈនៅរោងចក្រមួយក្នុងខេត្ត Muharraq ភាគឦសាននៃទីក្រុង Manama ស្ថិតក្នុងចំណោមគោលដៅ។ កំពង់ផែ Salalah របស់ប្រទេសអូម៉ង់ ក៏បានប្រយុទ្ធប្រឆាំងនឹងអគ្គិភ័យដែលឆេះស៊ីទែនប្រេងឥន្ធនៈ បន្ទាប់ពីការវាយប្រហារដោយដ្រូនដាច់ដោយឡែករបស់អ៊ីរ៉ង់៕