ប្រទេសបារាំង បច្ចុប្បន្នជាប្រធាននៃក្រុមប្រទេសមានសេដ្ឋកិច្ចរីកលូតលាស់ទាំងប្រាំពីរ(G7) បាននិយាយថា មេដឹកនាំប្រទេស G7 កំពុងស្វែងរកលទ្ធភាពនៃការផ្តល់ការអមការពារនាវានៅតំបន់មជ្ឈិមបូព៌ា។ ចំណាត់ការបែបនេះ ធ្វើឡើងនៅពេលដែលច្រកសមុទ្រ Hormuz នៅតែត្រូវបានរារាំងយ៉ាងមានប្រសិទ្ធភាព។

ប្រទេសបារាំង បានចេញសេចក្តីថ្លែងការណ៍មួយបន្ទាប់ពីមេដឹកនាំប្រទេស G7 បានបើកកិច្ចប្រជុំកំពូលតាមអនឡាញ កាលពីថ្ងៃពុធ។

សេចក្តីថ្លែងការណ៍និយាយថា មេដឹកនាំបានពិភាក្សាអំពីផលវិបាកសេដ្ឋកិច្ចនៃ «សង្គ្រាមនៅមជ្ឈិមបូព៌ា» ហើយបានព្រមព្រៀងសម្របសម្រួលកិច្ចខិតខំប្រឹងប្រែងដើម្បីរៀបចំការស្តារឡើងវិញសេរីភាពនៃការធ្វើនាវាចរណ៍នៅក្នុងតំបន់នោះ។
សេចក្តីថ្លែងការណ៍និយាយបន្ថែមថា ការងារកំពុងដំណើរការ «ដើម្បីស្វែងរកលទ្ធភាពនៃការអមការពារនាវានៅពេលដែលលក្ខខណ្ឌសន្តិសុខត្រូវបានបំពេញ» ហើយមេដឹកនាំប្រទេស G7 ជំរុញដល់ការផលិតថាមពលនៅក្នុងប្រទេសនានាដែលអាចជំនួសសមត្ថភាពដែលត្រូវបានរារាំង។
សេចក្តីថ្លែងការណ៍បង្ហាញថា ក្រុមមេដឹកនាំបានបញ្ជាក់ជាថ្មីនូវការឯកភាព និងការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការរក្សាទណ្ឌកម្មប្រឆាំងរុស្ស៊ី។