បើយោងតាមរបាយការណ៍មួយ កាលពីថ្ងៃពុធ (ទី១១ ខែមីនា ឆ្នាំ២០២៦) បានឲ្យដឹងថា ប្រទេសអូម៉ង់បានជម្លៀសនាវាទាំងអស់ចេញពីស្ថានីយនាំចេញប្រេងដ៏សំខាន់របស់ខ្លួន នៅតំបន់ Mina al-Fahal ដែលជាវិធានការបង្ការ ក្នុងអំឡុងពេលមានការកើនឡើងនូវភាពតានតឹងផ្នែកសន្តិសុខនៅក្នុងតំបន់។

សារព័ត៌មាន Bloomberg បានរាយការណ៍ថា ចំណាត់ការនេះត្រូវបានធ្វើឡើង ជាផ្នែកមួយនៃវិធានការបង្ការ ដើម្បីធានាសុវត្ថិភាពដល់ការធ្វើនាវាចរណ៍តាមសមុទ្រ និងទីកន្លែងផលិតប្រេង ស្របពេលមានក្ដីបារម្ភកាន់តែខ្លាំងឡើងៗ អំពីលទ្ធភាពដែលអាចមានការវាយប្រហារដែលផ្តោតលើហេដ្ឋារចនាសម្ព័ន្ធថាមពល ឬនាវាដឹកប្រេងនៅក្នុងឈូងសមុទ្រអារ៉ាប់។

តំបន់ Mina al-Fahal គឺជាស្ថានីយនាំចេញប្រេងឆៅចម្បងរបស់អូម៉ង់ ដែលមានទីតាំងស្ថិតនៅចម្ងាយប្រហែល ១០គីឡូម៉ែត្រ នៅភាគពាយព្យនៃរដ្ឋធានី Muscat ដែលធ្វើឲ្យវាក្លាយជាទីកន្លែងយុទ្ធសាស្ត្រនៅក្នុងវិស័យថាមពលរបស់ប្រទេស។
ការជម្លៀសនេះកើតឡើង ខណៈដែលនាវាដឹកប្រេង និងទីកន្លែងថាមពល ត្រូវបានវាយប្រហារនៅក្នុងប្រទេសឈូងសមុទ្រជាច្រើន ដែលជំរុញឲ្យរដ្ឋាភិបាល និងក្រុមហ៊ុនដឹកជញ្ជូនមួយចំនួន ពង្រឹងវិធានការសន្តិសុខ។
អ្នកវិភាគ លើកឡើងថា សភាពការណ៍វិវត្តន៍ទាំងនេះឆ្លុះបញ្ចាំងពីការកើនឡើងនូវហានិភ័យសន្តិសុខ ដែលវិស័យថាមពលក្នុងតំបន់ កំពុងប្រឈមជាមួយ ជាពិសេសក្នុងអំឡុងពេលមានសង្គ្រាមរបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែល លើអ៊ីរ៉ង់។
ការរំខានណាមួយ ចំពោះការធ្វើដំណើររបស់នាវាដឹកប្រេង ឬប្រតិបត្តិការនាំចេញ នៅក្នុងឈូងសមុទ្រអារ៉ាប់ ធ្វើឲ្យក្ដីបារម្ភខ្លាំងឡើងៗ នៅក្នុងទីផ្សារថាមពលសកល ដោយសារតំបន់នេះនៅតែជាប្រភពប្រេងដ៏សំខាន់បំផុតមួយរបស់ពិភពលោក៕