ក្នុងអំឡុងពេលធ្វើដំណើរទៅកាន់រដ្ឋ Kentucky និងរដ្ឋ Ohio កាលពីថ្ងៃពុធ (ទី១១ ខែមីនា ឆ្នាំ២០២៦) ប្រធានាធិបតីអាមេរិក លោក Donald Trump បានព្យាយាមធានាដល់ជនជាតិអាមេរិកថា ការហក់ឡើងតម្លៃប្រេងសាំង ដែលជាប់ទាក់ទងនឹងសង្គ្រាមអ៊ីរ៉ង់ គឺជាព្រឹត្តិការណ៍កើតឡើងមួយរយៈប៉ុណ្ណោះ ខណៈដែលសមាជិកគណបក្សសាធារណរដ្ឋផ្សេងទៀត បារម្ភថា ការឡើងខ្ពស់នេះ កំពុងធ្វើឲ្យអ្នកបោះឆ្នោតមិនស្ងប់ចិត្តនឹងបញ្ហាសេដ្ឋកិច្ច។
ដំណើរធ្វើយុទ្ធនាការរបស់លោក Trump គឺជាលើកដំបូងរបស់លោក គិតចាប់តាំងពីមានការចាប់ផ្តើមនូវប្រតិបត្តិការយោធា រវាងសហរដ្ឋអាមេរិក និងអ៊ីស្រាអែល នៅក្នុងប្រទេសអ៊ីរ៉ង់ កាលពីថ្ងៃទី២៨ ខែកុម្ភៈ។ វាបានផ្តល់ឱកាសឲ្យលោកលើកកម្ពស់សារសេដ្ឋកិច្ចរបស់លោកកាន់តែខ្លាំងក្លា និងផ្សព្វផ្សាយកំណត់ត្រារបស់លោក នៅមុនការបោះឆ្នោតពាក់កណ្តាលអាណត្តិ នាខែវិច្ឆិកា នៅពេលដែលសមាជិកគណបក្សសាធារណរដ្ឋដទៃទៀតរបស់លោក នឹងការពារសំឡេងភាគច្រើនស្ដួចស្ដើងនៅក្នុងស្ថាប័នទាំង២ របស់រដ្ឋសភាអាមេរិក។

នៅក្នុងការឈប់សំចតដំបូងរបស់លោក នៅឯរោងចក្រមួយ ក្នុងទីក្រុង Cincinnati រដ្ឋ Ohio ការកត់សម្គាល់ដំបូងរបស់លោក Trump បានផ្តោតលើសង្គ្រាមអ៊ីរ៉ង់។ បើយោងតាមអង្គការទេសចរណ៍ AAA បានឲ្យដឹងថា តម្លៃប្រេងសាំងបានឡើងថ្លៃជាមធ្យម ៦១សេន ធៀបនឹងខែកុម្ភៈ ទាំងនៅរដ្ឋ Kentucky និងទូទាំងប្រទេស។ តែលោក Trump បាននិយាយនៅថ្ងៃទី១១ ខែមីនានោះថា៖ «តម្លៃប្រេងនឹងធ្លាក់ចុះ។ វានឹងធ្លាក់ចុះច្រើនជាងយើង និងជាងនរណាម្នាក់អាចយល់បាន»។
ការកត់សម្គាល់របស់លោក Trump ពាក់ព័ន្ធនឹងសេដ្ឋកិច្ច នៅទីក្រុង Hebron ភាគខាងជើងរដ្ឋ Kentucky គឺជាសុន្ទរកថាចុងក្រោយបំផុត នៅក្នុងសុន្ទរកថាបន្តបន្ទាប់ដែលលោក Trump បានថ្លែងនៅទូទាំងប្រទេស ដើម្បីផ្សព្វផ្សាយដល់សាធារណជនអាមេរិក អំពីគោលនយោបាយសេដ្ឋកិច្ចរបស់លោក។ លោក Trump បានលើកសរសើរកិច្ចប្រឹងប្រែងរបស់លោក ក្នុងការបន្ថយតម្លៃឱសថ ដែលជាចំណុចឃោសនាដ៏សំខាន់មួយ សម្រាប់គណបក្សសាធារណរដ្ឋ ក្នុងការបោះឆ្នោត ក៏ដូចជាការកាត់បន្ថយពន្ធលើប្រាក់ចំណូល លើប្រាក់ទឹកចិត្ត និងប្រាក់បន្ថែមម៉ោង សម្រាប់ជនជាតិអាមេរិកជាច្រើន ដែលជាផ្នែកមួយនៃសេចក្ដីព្រាងច្បាប់ «One Big Beautiful Bill» ដែលសភាបានអនុម័តកាលពីឆ្នាំ២០២៥៕
