ប្រភពព័ត៌មានផ្នែកវេជ្ជសាស្ត្រនៅមន្ទីរពេទ្យក្នុងស្រុក បានប្រាប់សារព័ត៌មាន AFP កាលពីថ្ងៃពុធថា រថយន្តភីកអាប់មួយគ្រឿងដែលដឹកមនុស្សរាប់សិបនាក់ទៅចូលរួមពិធីបុណ្យសពមួយ នៅតំបន់ Kordofan ភាគខាងត្បូងនៃប្រទេសស៊ូដង់ ត្រូវបានវាយប្រហារដោយយានដ្រូន ដែលបានបណ្តាលឲ្យមនុស្ស ៤០ នាក់ស្លាប់។
អស់រយៈពេលជិតបីឆ្នាំមកហើយ ប្រទេសស៊ូដង់ត្រូវបានញាំញីដោយសង្គ្រាមរវាងកងទ័ពធម្មតារបស់ខ្លួន និងកងកម្លាំងគាំទ្ររហ័ស (RSF) ដែលបានសម្លាប់មនុស្សរាប់ម៉ឺននាក់ និងធ្វើឲ្យមនុស្សរាប់លាននាក់ទៀតផ្លាស់ទីលំនៅ។
តំបន់ Kordofan បច្ចុប្បន្ន គឺជាសមរភូមិដ៏ស្វិតស្វាញបំផុត ជាកន្លែងដែលការវាយប្រហារដោយដ្រូនស្ទើរតែរាល់ថ្ងៃ បានសម្លាប់មនុស្សរាប់សិបនាក់។
ដោយស្នើសុំមិនបញ្ចេញឈ្មោះសម្រាប់សុវត្ថិភាពរបស់ខ្លួន ប្រភពព័ត៌មានផ្នែកវេជ្ជសាស្ត្រនៅមន្ទីរពេទ្យ Abu Zabad បាននិយាយថា ទីក្រុងពីរនៅក្នុងរដ្ឋ Kordofan ខាងលិចរបស់ប្រទេសស៊ូដង់ កាលពីថ្ងៃពុធ មនុស្ស ៤០នាក់ ភាគច្រើនជាស្ត្រី ត្រូវបានសម្លាប់ នៅពេលដែលរថយន្តភីកអាប់របស់ពួកគេ ត្រូវបានវាយប្រហារដោយយានដ្រូន នៅលើដងផ្លូវមួយ នៅចន្លោះទីក្រុង Abu Zabad និងទីក្រុង El-Fula»។
លោក Hamad Abdallah ដែលជាពលរដ្ឋរស់នៅក្នុងទីក្រុង Abu Zabad បានបញ្ជាក់ថា៖ «ពួកគេកំពុងធ្វើដំណើរទៅកាន់ទីក្រុង El-Fula ដើម្បីចូលរួមពិធីបុណ្យសព ដែលជាមូលហេតុដែលសមាជិកជាច្រើននាក់នៃគ្រួសារតែមួយ បានស្លាប់» ដោយនិយាយថា ពួកគេទាំងអស់ត្រូវបាន «បញ្ចុះនៅកន្លែងតែមួយ»៕
