ការិយាល័យប្រតិបត្តិការពាណិជ្ជកម្មសមុទ្រអង់គ្លេស (UKMTO) បានរាយការណ៍ថា នាវា ១គ្រឿង ត្រូវបានកំណត់គោលដៅ នៅចម្ងាយប្រហែល ៣៥ម៉ាយល៍ណត់ (ជិត ៦៥គីឡូម៉ែត្រ) នៅភាគខាងជើងនៃកំពង់ផែ Jebel Ali ក្បែរឆ្នេរសមុទ្ររបស់ប្រទេសអារ៉ាប់រួម។

ការិយាល័យនេះបានបញ្ជាក់ថា កាពីតែននាវាកុងតឺន័រ បានរាយការណ៍ថា នាវានោះត្រូវបានវាយប្រហារដោយមីស៊ីលមិនស្គាល់អត្តសញ្ញាណ ដែលបណ្តាលឲ្យមានការឆាបឆេះតិចតួច។ ការរាយការណ៍បានបន្ថែមថា អគ្គិភ័យមិនខ្លាំងកា្លទេ ហើយត្រូវបានគ្រប់គ្រងបាន ខណៈដែលសមាជិកនាវិកទាំងអស់ ត្រូវបានរាយការណ៍ថា មានសុវត្ថិភាព និងមិនរងរបួសអ្វីឡើយ។
ប្រភេទមីស៊ីល និងភាគីដែលទទួលខុសត្រូវ ចំពោះការវាយប្រហារ នៅតែមិនទាន់ដឹងច្បាស់ ហើយគ្មានក្រុមណាចេញមកអះអាងទទួលខុសត្រូវឡើយ ចំពោះហេតុការណ៍នេះ រហូតមកដល់ពេលនេះ។
ការវិវត្តនេះកើតឡើង ស្របពេលមានភាពតានតឹងសន្តិសុខខ្លាំងឡើង នៅក្នុងផ្លូវសមុទ្រ ក្នុងតំបន់ ជាពិសេសនៅឈូងសមុទ្រអារ៉ាប់ និងដែនទឹកក្បែរច្រកសមុទ្រ Hormuz ដែលជាច្រករបៀងដ៏សំខាន់បំផុតមួយរបស់ពិភពលោក សម្រាប់ការដឹកជញ្ជូនប្រេងសកល និងពាណិជ្ជកម្មអន្តរជាតិ៕
