កងទ័ពជើងទឹកអ៊ុយក្រែន បានចេញល្បាតតាមឆ្នេរសមុទ្រ Odesa ខណៈរុស្ស៊ីបង្កើនការវាយប្រហារក្នុងគោលបំណងរំខានដល់ផ្លូវនាំចេញរបស់ប្រទេស។ ក្រុមនាវិក និងមន្ត្រី រាយការណ៍ពីការវាយប្រហារដោយយានដ្រូនរបស់រុស្ស៊ីស្ទើរតែរាល់ថ្ងៃដែលជារឿយៗត្រូវបានបង្ហោះជាបន្តបន្ទាប់ បង្ខំឱ្យនាវានៅតែប្រុងប្រយ័ត្នជានិច្ច ខណៈធ្វើដំណើរទោជិតឆ្នេរ។
មន្ត្រីកងទ័ពជើងទឹកនិយាយថា សម្ពាធលើមជ្ឈមណ្ឌលកំពង់ផែ Odesa កើតឡើងបន្ទាប់ពីការវាយប្រហាររបស់រុស្ស៊ីជាច្រើនខែ ដែលប្រភពឧស្សាហកម្មបានវាយតម្លៃពីពេលមុនថា បានកាត់បន្ថយសមត្ថភាពមជ្ឈមណ្ឌលរហូតដល់ ៣០% និងបំផ្លាញនាវាស៊ីវិលជាច្រើនគ្រឿង។ ការវាយប្រហារមុនៗទាំងនោះក៏បានជំរុញឱ្យការចំណាយផ្នែកដឹកជញ្ជូនកើនឡើង និងពន្យារពេលការដឹកជញ្ជូនកសិកម្ម និងរ៉ែ ដែលជាចំណែកសំខាន់នៃប្រភពចំណូលនាំចេញរបស់អ៊ុយក្រែន។

អ្នកនាំពាក្យកងទ័ពជើងទឹក លោក Dmytro Pletenchuk បាននិយាយថា ផ្លូវសមុទ្រនៅតែមានសារៈសំខាន់ចំពោះសេដ្ឋកិច្ច ព្រោះប្រហែល៩០%នៃការនាំចេញរបស់អ៊ុយក្រែននៅតែធ្វើដំណើរឆ្លងកាត់កំពង់ផែ Odesa។
លោក Pletenchuk បាននិយាយថា នាវាជាង១៥០គ្រឿងត្រូវបានបំផ្លាញចាប់តាំងពីឆ្នាំ ២០២២ ដោយ ជាច្រើនគ្រឿងបានលិច និងមានមនុស្សស្លាប់និងរងរបួសក្នុងចំណោមកម្មករកំពង់ផែ និងនាវិក។
