រដ្ឋមន្រ្តីការពារជាតិឥណ្ឌូនេស៊ីលោក Sjafrie Sjamsoeddin និយាយក្រោយជំនួបជាមួយសមភាគីអូស្រ្តាលីលោក Richard Marles ថា ឥណ្ឌូនេស៊ី និងអូស្រ្តាលី មានគម្រោងពង្រឹងកិច្ចសហប្រតិបត្តិការសន្តិសុខរបស់ពួកគេជាមួយជប៉ុន និងប៉ាពួ ញូវហ្គីណេ ។
ក្រោយជំនួបជាមួយរដ្ឋមន្រ្តីការពារជាតិអូស្រ្តាលីលោក Richard Marles លោក Sjafrie និយាយថា ការរៀបចំសន្តិសុខត្រីភាគី នឹងត្រូវបង្កើតជាមួយឥណ្ឌូនេស៊ី អូស្រ្តាលី និងជប៉ុន ក៏ដូចជារវាង ឥណ្ឌូនេស៊ី អូស្រ្តាលី និងប៉ាពួ ញូវហ្គីណេ ។

លោក Sjafrie និយាយដោយពុំបានផ្តល់សេចក្តីលម្អិតបន្ថែមថា ឥណ្ឌូនេស៊ី និងអូស្រ្តាលី នឹងធ្វើការជាមួយគ្នា លើការចែករំលែកព័ត៌មានចារកម្ម ។
លោក Sjafrie និយាយនៅក្នុងសារបង្ហោះលើបណ្តាញព័ត៌មានសង្គមថា ជំនួបមួយនេះ គឺជាឱកាសមួយ ដើម្បីពិភាក្សាលើទំនាក់ទំនងការពារជាតិរបស់ពួកយើង ស្របពេលដែលពួកយើងធ្វើការជាមួយគ្នា ដើម្បីគាំទ្រសន្តិសុខ និងសន្តិភាពតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក ។
ការពង្រឹងកិច្ចសហប្រតិបត្តិការសន្តិសុខតាមការគ្រោងទុកនេះដែរ បានកើតមានឡើង បន្ទាប់ពីប្រធានាធិបតីឥណ្ឌូនេស៊ីលោក Prabowo Subianto និងនាយករដ្ឋមន្រ្តីអូស្រ្តាលីលោក Anthony Albanese ចុះហត្ថលេខាលើសន្ធិសញ្ញាសន្តិសុខកាលពីខែមុន រវាងប្រទេសទាំង ២ នៅទីក្រុង Canberra ៕
