ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងមជ្ឈមណ្ឌលអាស៊ាន-ជប៉ុន បានសហការគ្នារៀបចំសិក្ខាសាលាស្តីពី “ការលើកកម្ពស់ការយល់ដឹងអំពីអាស៊ានសម្រាប់យុវជន” នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦ នេះ ក្រោមអធិបតីភាពលោកជំទាវ នេត ធីតាវិឈុណា អនុរដ្ឋលេខាធិការនៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។ សិក្ខាសាលានេះ ដោយមានការចូលរួមពីយុវជនចំនួន ១០០នាក់ ពីសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក)។
ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិបានបញ្ជាក់ថា សិក្ខាសាលាសាលាស្តីពី “ការលើកកម្ពស់ការយល់ដឹងអំពីអាស៊ានសម្រាប់យុវជន” មានគោលបំណងពង្រឹង និងលើកកម្ពស់ការយល់ដឹងជាសាធារណៈអំពីអាស៊ាន ជាពិសេសក្នុងចំណោមយុវជនកម្ពុជា ដែលជាធាតុផ្សំដ៏សំខាន់ក្នុងកិច្ចខិតខំប្រឹងប្រែងរួមគ្នា ដើម្បីជំរុញដំណើរការកសាងសហគមន៍អាស៊ាន៕ អត្ថបទ៖ វង្ស សុភាព



