អង្គការ UNESCO និយាយថា ពួកគេមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះជោគវាសនាតំបន់បេតកភណ្ឌពិភពលោកជាប្រវត្តិសាស្រ្តនៅក្នុងប្រទេសអ៊ីរ៉ង់ និងនៅទូទាំងតំបន់មជ្ឈិមបូព៌ា ក្រោយវិមាន Golestan ស្ថិតក្នុងទីក្រុងតេអេរ៉ង់ និងព្រះវិហារប្រវត្តិសាស្រ្ត ស្ថិតក្នុងទីក្រុង Isfahan រងការខូចខាត ដោយសារសង្រ្គាម ។

កាលពីថ្ងៃពុធម្សិលមិញ ទីភ្នាក់ងារវប្បធម៌របស់អង្គការសហប្រជាជាតិមួយនេះ បានជំរុញឲ្យភាគីទាំងអស់ការពារតំបន់វប្បធម៌ក្នុងតំបន់ ដោយពួកគេនិយាយថា តំបន់ប្រវត្តិសាស្រ្ត ៤កន្លែង ក្នុងចំណោមតំបន់បេតកភណ្ឌពិភពលោក ២៩កន្លែងនៅអ៊ីរ៉ង់ បានរងការខូចខាត ចាប់តាំងពីការចាប់ផ្តើមសង្រ្គាមសហរដ្ឋអាមេរិក-អ៊ីស្រាអែលលើអ៊ីរ៉ង់ ។
លោក Lazare Eloundou Assomo គឺជាប្រធានមជ្ឈមណ្ឌលបេតិកភណ្ឌពិភពលោក និយាយប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រថា អង្គការ UNESCO មានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះផលប៉ះពាល់ដោយសារអរិភាព ដែលបានបំផ្លិចបំផ្លាញតំបន់បេតិកភណ្ឌពិភពលោកជាច្រើនកន្លែងរួចទៅហើយនៅអ៊ីរ៉ង់ ហើយពួកគេមានការព្រួយបារម្ភផងដែរចំពោះតំបន់ប្រវត្តិសាស្រ្តនៅប្រទេសអ៊ីស្រាអែល លីបង់ និងនៅទូទាំងតំបន់មជ្ឈិមបូព៌ា ។
លោកថា វិមាន Golestan ស្ថិតក្នុងទីក្រុងតេអេរ៉ង់ដែលរងការខូចខាតដោយសារការវាយប្រហាររបស់សហរដ្ឋអាមេរិក-អ៊ីស្រាអែល គឺជាសក្ខីកម្មមួយពីភាពអស្ចារ្យនៃអរិយធម៌អ៊ីរ៉ង់នៅសតវត្សរ៍ទី ១៩ ៕
