បើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរដ្ឋរុស្ស៊ី TASS បានឲ្យដឹងថា នៅថ្ងៃព្រហស្បតិ៍ (ទី១២ ខែមីនា ឆ្នាំ២០២៦) នេះ តុលាការយោធារុស្ស៊ី បានកាត់ទោសឲ្យជាប់ពន្ធនាគារអស់មួយជីវិត ចំពោះបុរសតាហ្ស៊ីគីស្ថានចំនួន ៤នាក់ និងបក្ខពួក ១១នាក់ផ្សេងទៀត ជុំវិញការជាប់ពាក់ព័ន្ធនឹងការបាញ់ប្រហារដ៏ធំមួយ ដែលបានសម្លាប់មនុស្ស ១៤៩នាក់ នៅសាលប្រគំតន្ត្រី ក្បែរទីក្រុងមូស្គូ កាលពី ២ឆ្នាំមុន។
រដ្ឋអាជ្ញាបានចោទប្រកាន់មនុស្ស ១៩នាក់ ទាក់ទងនឹងករណីបាញ់ប្រហារ នៅសាលាក្រុង Crocus (Crocus City Hall) កាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤ ដែលជាការវាយប្រហារបណ្ដាលឲ្យមានអ្នកស្លាប់ច្រើនបំផុត នៅក្នុងប្រទេសរុស្ស៊ី ក្នុងរយៈពេល ២ទសវត្សរ៍។ ក្រុម ISIS-Khorasan ឬ ISIS-K បានចេញមកអះអាងទទួលខុសត្រូវ សម្រាប់ការវាយប្រហារនេះ។

ការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរដ្ឋ RIA របស់រុស្ស៊ី បានឲ្យដឹងទៀតថា ជនជាប់ចោទ ៤នាក់ផ្សេងទៀត ត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគារ ចន្លោះចាប់ពី ១៩ ទៅ ២២ឆ្នាំ។ យ៉ាងណាក្ដី គេមិនទាន់ដឹងច្បាស់ភ្លាមៗនៅឡើយទេថា តើជនជាប់ចោទបានផ្ដល់ចម្លើយយ៉ាងដូចម្តេច ឬថា តើពួកគេនឹងប្តឹងឧទ្ធរណ៍ដែរ ឬទេ។ ការកាត់ក្តី លើជនទាំងនោះ ត្រូវបានធ្វើឡើងដោយបិទទ្វារ តាមទម្លាប់សម្រាប់ករណីបែបនេះ នៅក្នុងប្រទេសរុស្ស៊ី។
ក្រុម ISIS-K គឺជាក្រុមអាហ្វហ្គានីស្ថានដ៏តូចរបស់ក្រុមសកម្មប្រយុទ្ធដែលធ្លាប់ស្វែងរកការគ្រប់គ្រងលើទឹកដីអ៊ីរ៉ាក់ និងស៊ីរី។ វាត្រូវបានផ្សារភ្ជាប់ទៅនឹងការវាយប្រហារដែលបានគ្រោងទុកជាច្រើនផ្សេងទៀតនៅភាគខាងត្បូងនៃប្រទេសរុស្ស៊ី និងអាស៊ែបៃហ្សង់ ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ជានិន្នាការមួយដែលបានធ្វើឲ្យមានក្ដីបារម្ភដល់ទីភា្នក់ងារស៊ើបការណ៍សម្ងាត់៕
