ប្រជាពលរដ្ឋនៅឃុំស្ទឹងកែវ ស្រុកទឹកឈូ ខេត្តកំពត បានបង្ហាញនូវការសប្បាយរីករាយជាអនេក និងថ្លែងអំណអរគុណចំពោះការ យកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ផ្តល់ស្ពានបេតុង (ស្ពានដំរីផុង) ប្រវែង ៦០ ម៉ែត្រ ដោយពួកគាត់ចាត់ទុកជាសមិទ្ធផលដ៏មានតម្លៃ មិនអាចកាត់ថ្លៃបាន បម្រើផលប្រយោជន៍ដល់សហគមន៍មូលដ្ឋាន។
ឯកឧត្តមបណ្ឌិត នួន ដាញ៉ិល រដ្ឋលេខាធិការ រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួង អភិវឌ្ឍន៍ជនបទ នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦នេះ បានអញ្ជើញជាធិបតី ក្នុងពិធីបើកការដ្ឋានការងារស្ថាបនាស្ពានបេតុង ចំនួន ១កន្លែង (ស្ពានដំរីផុង) ប្រវែង៦០ ម៉ែត្រ ទទឹង៨ ម៉ែត្រ និងការស្ថាបនាផ្លូវក្រាលបេតុងសងខាងក្បាលស្ពានប្រវែងសរុប២០០ ម៉ែត្រ ស្ថិតនៅភូមិកំពង់ចិន ឃុំស្ទឹងកែវ ស្រុកទឹកឈូ ខេត្តកំពត, ក្នុងនោះពិធីនោះ អាជ្ញាធរ និងប្រជាពលរដ្ឋ បានសម្តែងនូវការសប្បាយ រីករាយ និងថ្លែងនូវការដឹងគុណជានិច្ចចំពោះរាជរដ្ឋាភិបាល ដែលបានផ្តល់សមិទ្ធផលជាប្រវត្តិសាស្រ្តថ្មីមួយនេះ នៅក្នុងមូលដ្ឋានរបស់ ពួគគាត់ ដែលនេះគឺជាការចូលរួមចំណែកដ៏សំខាន់ ដើម្បីលើកកម្ពស់ការរស់នៅ ខណៈដែលកន្លងមកប្រជាពលរដ្ឋនៅមូលដ្ឋាននោះ តែងតែជួបការលំបាកក្នុងការធ្វើដំណើរ ការដឹកជញ្ជូនកសិផល ជាពិសេសនៅពេលដែលមានបញ្ហាជំងឺដង្កាត់កើតឡើងជាដើម។
ឯកឧត្តមបណ្ឌិត ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តកំពត លើកឡើងថា ជុំវិញការស្ថាបនាស្ពានខាងលើនេះ គឺជាការ បំពេញនូវតម្រូវរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន ដែលនេះគឺជាសមិទ្ធផលមរតកអមតៈ ដែលរាជរដ្ឋាបាលក្រោមការដឹកនាំប្រកបដោយ ភាពវៃឆ្លាត របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានផ្តល់ស្ពានបេតុងដ៏ថ្លៃថ្លានេះដល់ទឹកដីខេត្តកំពត និង សម្រាប់បងប្អូនប្រជាពលរដ្ឋនៅក្នុងឃុំទាំងបី ក្នុងស្រុកទឹកឈូ។ ឯកឧត្តមអភិបាល បានរំលេចថា ស្ពាននេះមានអត្ថប្រយោជន៍ណាស់ ដល់បងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន សម្រាប់ការដឹកជញ្ជូនកសិផល ទៅកាន់ទីប្រជុំជន ទៅកាន់ផ្សារជាដើម។
ឯកឧត្តមរដ្ឋលេខាធិការ លើកឡើងផងដែរថា ជុំវិញការបើកការដ្ឋានស្ថាបនាស្ពានបេតុងដំរីផុងនៅពេលនេះ ស្ថិតក្នុងបរិយា កាសដែលរាជរដ្ឋាភិបាលកម្ពុជាកំពុងបង្កើនការយកចិត្តទុកដាក់ និងសកម្មភាពប្រកបដោយភាពម៉ឺងម៉ាត់ និងម៉ត់ចត់ ក្នុងកិច្ចអភិវឌ្ឍន៍ លើគ្រប់វិស័យ ពិសេសការបង្កើនល្បឿននៃសកម្មភាពការងារអភិវឌ្ឍន៍ជនបទ និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ។
ឯកឧត្តមរដ្ឋលេខាធិការ ថ្លែងឱ្យដឹងថា ចំពោះគម្រោងស្ថាបនាស្ពានខាងលើនេះ គឺអនុវត្តដោយបញ្ហាការដ្ឋានវិស្វកម្ម កងទ័ព ជើងគោក គ្រោងស្ថាបនាក្នុងរយៈពេល ៤ ខែ ចាប់ពីខែ មេសា ដល់ សីហា ឆ្នាំ ២០២៦ ក្នុងនោះឯកឧត្តមក៏បានស្នើដល់អ្នកទទួល ការងារស្ថាបនា ត្រូវអនុវត្តឱ្យបានចប់សព្វគ្រប់ទៅតាមផែនការរបស់ខ្លួន ដើម្បីឱ្យបងប្អូនប្រជាពលរដ្ឋធ្វើដំណើរដោយសប្បាយរីករាយ នៅក្នុងរដូវបុណ្យភ្ជុំបិណ្ឌនាពេលខាងមុខ និងបានស្នើដល់មន្រ្តីមូលមូលដ្ឋាន និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ បន្តសហការគ្នាឱ្យបានល្អ ក្នុងការជំរុញលើការគ្រប់គ្រង ការអភិវឌ្ឍ និងថែទាំឱ្យបានគង់វង្ស បន្ទាប់ពីស្ពាននេះស្ថាបនារួចរាល់៕
អត្ថបទ៖ សុន រ៉ាឌី



















