នៅថ្ងៃព្រហស្បតិ៍នេះ រុស្ស៊ីបានអំពាវនាវឲ្យអ៊ីស្រាអែល និងសហរដ្ឋអាមេរិកបញ្ចប់ការវាយប្រហាររបស់ពួកគេលើអ៊ីរ៉ង់ និងវិលត្រឡប់ចូលតុចរចាវិញ ។
អ្នកស្រី Maria Zakharova គឺជាអ្នកនំាពាក្យក្រសួងការបរទេសរុស្ស៊ីនិយាយប្រាប់ក្រុមអ្នកសារព័ត៌មានថា រុស្ស៊ីនឹងបន្តចាត់វិធានការ ដើម្បីបញ្ចប់ការកើនឡើងភាពតានតឹងនៅតំបន់មជ្ឈិមបូព៌ា ឲ្យបានឆាប់រហ័សតាមដែលអាចធ្វើទៅបាន ហើយនិងដោះស្រាយការខ្វែងគំនិតគ្នាតាមមធ្យោបាយសន្តិវិធី ។
អ្នកស្រីបន្តថា ចំនួនជនរងគ្រោះនៃសកម្មភាពយោធាខុសច្បាប់របស់ទីក្រុងវ៉ាស៊ីនតោន និងទីក្រុងតែល អាវីវ ស្ថិតនៅក្នុងចំណោមជនស៊ីវិលអ៊ីរ៉ង់ ដែលមានចំនួនរហូតដល់រាប់ពាន់នាក់ បើយោងតាមការអះអាងរបស់អាជ្ញាធរ ។
ក្រសួងការបរទេសរុស្ស៊ី និយាយថា ភាគីនានាផ្តោតសំខាន់លើការវិវត្ត នៅក្នុងតំបន់ឈូងសមុទ្រ ចំពេលមានជម្លោះប្រដាប់អាវុធទ្រង់ទ្រាយធំ ដែលបណ្តាលមកពីការឈ្លានពានដែលមិនបានបង្កហេតុរបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែលលើអ៊ីរ៉ង់ ។
ខណៈពេលនោះដែរ រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergey Lavrov និងសមភាគីបារ៉ែន លោក Abdullatif bin Rashid Al Zayani បានពិភាក្សាអំពីការវិវត្តជុំវិញអ៊ីរ៉ង់ ក្នុងការសន្ទនាតាមទូរស័ព្ទ ដោយសង្កត់ធ្ងន់លើតម្រូវការបញ្ចប់អរិភាពឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន និងចាប់ផ្តើមកិច្ចចរចាសន្តិភាព។ នេះបើយោងតាមសេចក្តីថ្លែងការណ៍មួយពីក្រសួងការបរទេសរុស្ស៊ី ៕