រថយន្តយោធា និងទាហានរបស់កងទ័ពលីបង់ ត្រូវបានដាក់ពង្រាយទៅកាន់មាត់សមុទ្រ Ramlet al-Baida របស់ទីក្រុងបេរូតនាថ្ងៃព្រហស្បតិ៍នេះ ក្រោយការវាយប្រហាររបស់អ៊ីស្រាអែល ។
ក្រសួងសុខាភិបាលលីបង់និយាយថា មនុស្សយ៉ាងហោច ៨នាក់ ត្រូវបានសម្លាប់ នៅក្នុងការវាយប្រហាររបស់អ៊ីស្រាអែល ។
អ៊ីស្រាអែលបានបើកការវាយប្រហារលើក្រុមហេសបូឡាគាំទ្រដោយអ៊ីរ៉ង់ ក្រោយក្រុមមួយនេះ បើកការវាយប្រហារកាលពីថ្ងៃទី ២ ខែមីនា ជាការសងសឹកចំពោះការសម្លាប់មេដឹកនាំកំពូលអ៊ីរ៉ង់នៅពេលចាប់ផ្តើមសង្រ្គាមអាមេរិក-អ៊ីស្រាអែលលើអ៊ីរ៉ង់ ។
ខណៈពេលនោះដែរ រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល លោក Israel Katz បាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា លោកបានបញ្ជាឲ្យយោធាត្រៀម សម្រាប់ការពង្រីកប្រតិបត្តិការ នៅក្នុងប្រទេសលីបង់ ជាកន្លែងដែលកងកម្លាំងអ៊ីស្រាអែល កំពុងប្រយុទ្ធជាមួយក្រុមប្រដាប់អាវុធហេបូឡា ។
លោក Katz ត្រូវបានដកស្រង់សម្តី ដែលបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថានាយករដ្ឋមន្ត្រី និងខ្ញុំ បានណែនាំកងកម្លាំងការពារជាតិអ៊ីស្រាអែលឲ្យត្រៀម សម្រាប់ការពង្រីកប្រតិបត្តិការរបស់ IDF នៅក្នុងប្រទេសលីបង់ និងសម្រាប់ការស្តារភាពស្ងប់ស្ងាត់ និងសន្តិសុខឡើងវិញដល់សហគមន៍ភាគខាងជើង ។
យោងតាមការអះអាងរបស់អាជ្ញាធរលីបង់ បានឲ្យដឹងថា ការវាយប្រហាររបស់អ៊ីស្រាអែល បានសម្លាប់មនុស្ស ៦០០នាក់ នៅលីបង់ និងមនុស្ស ៧០ម៉ឺននាក់ផ្សេងទៀត ជម្លៀសខ្លួន ៕