នាថ្ងៃព្រហស្បតិ៍ (ទី១២ ខែមីនា ឆ្នាំ២០២៦) នេះ មន្ត្រីតំបន់ បានឲ្យដឹងថា បំណាក់ដី នៅតំបន់ Gamo Zone នៅភាគខាងត្បូងនៃប្រទេសអេត្យូពី នៅដើមសប្តាហ៍នេះ បានបណ្ដាលឲ្យមនុស្សយ៉ាងហោចណាស់ ៥២នាក់បាត់បង់ជីវិត។
ជាមួយគ្នានេះ មនុស្ស ៥០នាក់ផ្សេងទៀត អាចនឹងបាត់ខ្លួន។ បំណាក់ដីនេះ បានកើតឡើងបន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំង។
តាមរយៈសេចក្តីថ្លែងការណ៍មួយ នៅលើទំព័របណ្ដាញសង្គម Facebook របស់ខ្លួន ការិយាល័យទំនាក់ទំនងតំបន់ Gamo Zone បានឲ្យដឹងថា៖ «មានការបញ្ជាក់ថា មនុស្ស ៥២នាក់ បានបាត់បង់ជីវិត ហើយកិច្ចខិតខំប្រឹងប្រែងកំពុងបន្តយ៉ាងខ្លាំងក្លា ដើម្បីស្វែងរកមនុស្ស ៥០នាក់ផ្សេងទៀតដែលនៅតែមិនដឹងនៅទីណា»។
ការិយាល័យរដ្ឋតំបន់ភាគខាងត្បូងប្រទេសអេត្យូពី ក៏បានផ្តល់ចំនួនអ្នកស្លាប់ ៥២នាក់ផងដែរ។
រូបថតមួយសន្លឹកដែលបានបង្ហោះនៅលើបណ្ដាញសង្គម Facebook ដោយសាជីវកម្មផ្សព្វផ្សាយអេត្យូពីបានបង្ហាញឲ្យឃើញអ្នកស្រុកឈរនៅកន្លែងកើតហេតុមានបំណាក់ដី ដោយរុក្ខជាតិនៅផ្នែកខ្លះនៃជម្រាលភ្នំក្បែរនោះ ត្រូវបានបំផ្លាញ ហើយមនុស្សមួយចំនួនឈរក្នុងល្បាប់ភក់ជ្រៅដល់ជង្គង់៕