យោធាអ៊ីរ៉ង់និយាយថា ពួកគេមានគោលដៅវាយប្រហារមូលដ្ឋានទ័ពអ៊ីស្រាអែល និងសេវាកម្មសន្តិសុខក្នុងស្រុក Shin Bet ស្របពេលដែលសង្រ្គាមសហរដ្ឋអាមេរិក-អ៊ីស្រាអែលលើអ៊ីរ៉ង់ និងការវាយប្រហារសងសឹកទូទាំងតំបន់របស់ទីក្រុងតេអេរ៉ង់ ជិតឈានចូលដល់សប្តាហ៍ទី ៣ ។
យោធានិយាយនៅក្នុងសេចក្តីថ្លែងការណ៍នាថ្ងៃព្រហស្បតិ៍នេះ ចេញដោយទូរទស្សន៍រដ្ឋថា មូលដ្ឋានទ័ពអាកាស Palmachim និង Ovda របស់របបហ្សាអឺន ក៏ដូចជាទីស្នាក់ការកណ្តាលសេវាកម្មសន្តិសុខ Shin Bet បានក្លាយជាគោលដៅវាយប្រហាររបស់យានដ្រូន ចេញពីកងទ័ពសាធារណរដ្ឋអ៊ិស្លាមអ៊ីរ៉ង់ ។
អ៊ីស្រាអែលនិយាយថា ពួកគេបានកំណត់អត្តសញ្ញាណមីស៊ីលបន្ថែមទៀតបាញ់ឆ្ពោះមកកាន់ប្រទេសរបស់ពួកគេចេញពីអ៊ីរ៉ង់ ។ ការប្រកាសអាសន្នមីស៊ីល ត្រូវបានបន្លឺឡើង នៅក្នុងទីក្រុងហ្សេរុយសាឡឹម ហើយការផ្ទុះត្រូវបានឮ ពេលដែលយោធាអ៊ីស្រាអែលព្យាយាមបាញ់ស្កាត់មីស៊ីលទាំងអស់នោះ ។
កាលពីយប់កន្លងទៅ មីស៊ីលបាញ់ចេញពីអ៊ីរ៉ង់ ហើយក្រុមហេសបូឡា បានធ្វើឲ្យពលរដ្ឋអ៊ីស្រាអែលស្វែងរកកន្លែងលាក់ខ្លួនផងដែរ នៅតាមតំបន់ជាច្រើន រួមទាំងនៅទីក្រុងតែល អាវីវ និងតំបន់ព្រំដែនភាគខាងជើងជាប់ជាមួយលីបង់ ៕