ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២២នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីសំណេះសំណាល និងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អគារជំងឺត្រចៀក ច្រមុះ បំពង់ក មិត្តភាពកម្ពុជា-កូរ៉េ (មន្ទីរពេទ្យព្រះអង្គឌួង) រាជធានីភ្នំពេញ ក្រោមជំនួយឥតសំណងពីរដ្ឋាភិបាល នៃសាធារណរដ្ឋកូរ៉េ(កូរ៉េខាងត្បូង)។
ដើម្បីទទួលបានព័ត៌មានថ្មីៗ រហ័ស សូមចុច Join Channel Telegram BTV News

ខាងក្រោមនេះ ជាប្រសាសន៍សំខាន់ៗរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី៖
- សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា នៅឆ្នាំនេះ២០២២នេះ គឺជាខួបលើកទី២៥ នៃខួបទំនាក់ការទូតឡើងវិញរវាងកម្ពុជា-កូរ៉េ ដែលជាចំណងការទូតប្រកបដោយមោទនភាព និងវឌ្ឍនភាព។
- សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានបញ្ជាក់ថា ពេលនេះស្ថានភាពកម្ពុជាបានធូរស្រាល ដោយសារយើងអាចគ្រប់គ្រងជំងឺកូវីដ-១៩បាន ឱ្យស្ថិតនៅកម្រិតមួយ ហើយក៏ជាចូលរួមចំណែកដ៏ធំធេងមិនអាចបំភ្លេចបាន នូវវិរៈភាពរបស់ក្រុមគ្រូពេទ្យកម្ពុជាទាំងអស់ ដែលប្រឹងប្រែងអស់កម្លាំងកាយចិត្តដើម្បីប្រជាពលរដ្ឋកម្ពុជា។
- សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា កម្ពុជាបានប្រើប្រាស់វ៉ាក់សាំងកូវីដ-១៩ក្នុងកម្រិតខ្ពស់ ដែលធ្វើឱ្យសហគមន៍កម្ពុជាមានភាពស៊ាំប្រឆាំងកូវីដ-១៩ ទោះជាករណីឆ្លងកើតឡើង ក៏ដោយ ក៏មិនបណ្តាលឱ្យក្លាយជាករណីធ្ងន់ធ្ងរ ឬស្លាប់ឡើយ។
- សម្តេចតេជោ ហ៊ុន សែន បានប្រកាសឡើងវិញថា ប្រជាពលរដ្ឋកម្ពុជា អាចកម្សាន្តសប្បាយរីករាយក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ឆ្នាំ២០២២នេះ យ៉ាងពិតប្រាកដ ព្រោះយើងមិនមានការព្រួយបារម្ភខ្លាំងដោយសារជំងឺកូវីដ-១៩ទៀតទេ តែយើងបារម្ភនោះ គឺបញ្ហាតម្លៃប្រេងឥន្ធនៈ ដែលយើងមិនដឹងថា ដល់ពេលចូលឆ្នាំ តម្លៃសាំងឡើងដល់កម្រិតណានោះឡើយ។
- សម្តេចតេជោ ហ៊ុន សែន នៅតែប្រកាសបន្តការសាងសង់មន្ទីរពេទ្យឯកទេសសម្រាប់ព្យាបាលជំងឹកូវីដ-១៩ ដែលអាចដាក់អ្នកជំងឺកូវីដ-១៩បានចំនួន១ម៉ឺននាក់ សាងសង់ដោយរាជរដ្ឋាភិបាលកម្ពុជា។
- សម្តេចបញ្ជាក់ថា ទោះពេលសាងសង់រួច ជំងឺកូវីដ-១៩បានធូរស្រាលយ៉ាងណាក៏ដោយ យើងក៏អាចនៅតែប្រែក្លាយមន្ទីរពេទ្យនោះទៅជាកន្លែងព្យាបាលជំងឺទូទៅតាមជាក់ស្តែង។
- សម្តេចតេជោ ហ៊ុន សែន ប្រកាសថា ពេលនេះកូវីដ-១៩ មិនមានតួលេខស្លាប់ដូចករណីគ្រោះថ្នាក់ចរាចរណ៍នោះទេ ដែលអត្រាស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍ក្នុងមួយថ្ងៃមានចំនួនប្រមាណ៥នាក់ ដែលជាចំនួនច្រើនគួរឱ្យព្រួយបារម្ភ និងសោកស្តាយ ខណៈដែលប្រជាពលរដ្ឋអ្នកធ្វើដំណើរ, អ្នកប្រើប្រាស់ដងផ្លូវ សុទ្ធតែអាចការពារខ្លួនពីករណីនេះបានទាំអស់គ្នា តាមរយៈការគោរពច្បាប់ចរាចរណ៍ គោរពសិទ្ធិអទិភាព និងចេះអត់ឱនយោគយល់អធ្យាស្រ័យគ្នាទៅវិញទៅមក។
- សម្តេចតេជោ ហ៊ុន សែន ប្រកាសដោយសម្តែងការហួសចិត្តចំពោះការផ្សព្វផ្សាយដ៏អកុសលថា «ការចាក់វ៉ាក់សាំងកូវីដ-១៩ នឹងនាំឱ្យមានជំងឺមហារីកនៅពេលក្រោយ» ដែលសម្តេចចាត់ទុកការផ្សព្វផ្សាយទាំងនោះ គឺជារឿងដែលមិនអាចទទួលយកបាន ខណៈដែលប្រទេសជាច្រើនលើពិភពលោកកំពុងតែចាក់ និងដំណើរការចាក់វ៉ាក់សាំងកូវីដ-១៩នេះជាបន្តបន្ទាប់ និងយ៉ាងសស្រាក់សស្រាំ ហើយថែមទាំងមានចំនួនច្រើនទៀតផង ដូចជា ប្រទេសចិន អាមេរិក ឥណ្ឌា កូរ៉េខាងត្បូង..។ល។
- សម្តេចតេជោ ហ៊ុន សែន ប្រកាសថា អ្នកដំណើរពីក្រៅប្រទេស ចូលមកកម្ពុជា ត្រូវបានលើកលែងអស់ហើយពាក់ព័ន្ធនឹងវិធានការកូវីដ-១៩ ដែលជាផ្នែកដើម្បីស្រូបទាញទេសចរ និងធុរកិច្ច តែយើងក៏មិនបានមើលស្រាលចំពោះបញ្ហាកូវីដ-១៩នោះដែរ។
- សម្តេចតេជោ ហ៊ុន សែន ប្រកាសថា កម្ពុជាមានជំហរជាលក្ខណៈអន្តរជាតិចំពោះបញ្ហាពិភពលោក ដែលអធិបតេយ្យភាពជាតិផ្តាច់មុខរបស់កម្ពុជា។ កម្ពុជាមិនសំដៅតែលើរុស្ស៊ីនោះទេ គឺកម្ពុជាប្រឆាំងរាល់ការប្រើប្រាស់កម្លាំងយោធា ដើម្បីរំលោភបំពានលើប្រទេសមួយទៀត។
- សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា ការគោរពអធិតេយ្យជាតិរបស់អ៊ុយក្រែន គឺស្នើនឹងគោរពអធិបតេយ្យជាតិរបស់ខ្លួនឯងផងដែរ ដែលនេះគឺជាអ្វីដែលយើងត្រូវតែធ្វើ និងប្រកាន់យក។
- សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានប្រកាសថា កម្ពុជាមិនត្រូវការយន្តហោះចម្បាំង ឬនាវាមុជទឹកនោះទេ តែអ្នកឯងក៏មិនអាចរំលោភបំពានលើកម្ពុជាបានដែរ ព្រោះយើងមានអាវុធពីក្រោមដើម្បីកម្ទេចអ្នកឯង អ្វីដែលយើងត្រូវមាននៅពេលនេះ គឺសំណាញ់មេឃ សម្រាប់ការពារកម្ពុជា។
- សម្តេចតេជោ ហ៊ុន សែន ប្រកាសថា បើយកលុយទៅទិញយន្តហោះចម្បាំង ឬនាវាមុជទឹក សុខចិត្តយកលុយទាំងនោះ ទៅកសាងសាលារៀន ឬមន្ទីរពេទ្យ បម្រើឱ្យសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋវិញ។
- សម្តេចតេជោ ហ៊ុន សែន ប្រកាសឈរខាងអ៊ុយក្រែន ឈរនៅជាមួយប្រជាជនអ៊ុយក្រែន ប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៊ី ព្រោះកម្ពុជាយើងក៏ធ្លាប់ទទួលរងនូវការឈ្លានពានដូចករណីនោះដែរ។
- សម្តេចតេជោ ហ៊ុន សែន ប្រកាសបន្ថែមទៀតថា សម្តេចមិនអនុញ្ញាតឱ្យប្រជាជនកម្ពុជាណាម្នាក់ ទៅធ្វើទាហានដើម្បីជួយច្បាំងអ៊ុយក្រែននោះទេ តែអ្វីដែលកម្ពុជាយើងអាចធ្វើទៅបាននោះ គឺបង្ហាញជំហរជាលក្ខណៈអន្តរជាតិដើម្បីគាំទ្រអ៊ុយក្រែន។
- សម្តេចតេជោ ហ៊ុន សែន សង្ឃឹមថា រុស្ស៊ី និងអ៊ុយក្រែន នឹងប្រឹងប្រែងអត់ធ្មត់ និងចូលតុចរចា ដោយមិនប្រើប្រាស់កម្លាំង ដោះស្រាយបញ្ហា ដើម្បីឈានទៅរកសន្តិភាពសម្រាប់ប្រទេសទាំងពីរ។
- សម្តេចតេជោ ហ៊ុន សែន ប្រកាសថា មិនមានជនណា អាចបង្ហាញជំហរជាលក្ខណៈអន្តរជាតិជំនួសកម្ពុជាបានឡើយ។ ជំហររបស់កម្ពុជា គឺតំណាងអចិន្ត្រៃយ៍កម្ពុជា ប្រចាំអង្គការសហប្រជាជាតិ ដែលមានចង្អុលបង្ហាញពីរាជរដ្ឋាភិបាលកម្ពុជា ត្រឹមត្រូវ និងច្បាស់លាស់។ អ្នកវិភាគ អ្នកអត្ថាធិប្បាយ តាមប្រព័ន្ធផ្សព្វផ្សាយនានា គឺជាទស្សនៈផ្ទាល់ខ្លួនគេ មិនមែនជាជំហររបស់កម្ពុជាឡើយ។
សង្កថាសម្តេចចប់នៅវេលាម៉ោង៩ និង០០នាទី