អ៊ុយក្រែន៖ លោកប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelenskyy បាននិយាយថា ប្រទេសអ៊ុយក្រែនត្រូវបានត្រៀមរួចរាល់ក្នុងការពិភាក្សាពីការទាមទាររបស់រុស្ស៊ី ដែលតម្រូវឲ្យអ៊ុយក្រែននៅជាប្រទេសអព្យាក្រឹតជាផ្នែកមួយ នៃកិច្ចព្រមព្រៀងសន្តិភាពជាមួយរុស្ស៊ី ប៉ុន្តែបញ្ហានេះនឹងត្រូវបានធានាដោយភាគីទី៣ និងដាក់ចូលទៅក្នុងការធ្វើប្រជាមតិ។

ខណៈកំពុងនិយាយទៅកាន់ក្រុមអ្នកសារព័ត៌មានរុស្ស៊ីតាមវីដេអូ ដែលត្រូវបានចេញផ្សាយកាលពីថ្ងៃអាទិត្យ លោក Zelenskyy បានបញ្ជាក់ថា ការធានាសន្តិសុខ និងអព្យាក្រឹតដែលជារដ្ឋគ្មាននុយក្លេអ៊ែររបស់យើង យើងបានត្រៀមខ្លួនរួចរាល់ដើម្បីទទួលយក។ នេះគឺជាចំណុចសំខាន់បំផុត ទោះបីជាមានការព្រមានជាសាធារណៈពីក្រុមអាជ្ញាធររបស់ទីក្រុង Moscow ក៏ដោយ។ លោកប្រធានាធិបតីរូបនេះបានផ្ញើសាររបស់លោកទៅកាន់ប្រជាពលរដ្ឋរុស្ស៊ីទាំងអស់ ដូចដែលលោកធ្លាប់បានធ្វើនៅក្នុងសុន្ទរកថាជាច្រើនកាលពីកន្លងទៅ។ លោកបាននិយាយថា ការលុកលុយរបស់រុស្ស៊ីបានបង្កការបំផ្លិចបំផ្លាញនៅក្នុងទីក្រុងជាច្រើន ដែលមានប្រជាពលរដ្ឋនិយាយភាសារុស្ស៊ីក្នុងប្រទេសអ៊ុយក្រែន និងបានបន្ថែមថា ការខូចខាតគឺធ្ងន់ធ្ងរជាងសង្គ្រាមរបស់រុស្ស៊ីក្នុងទីក្រុង Chechnya ទៅទៀត។

លោកបន្ថែមទៀតថា អ៊ុយក្រែនបានកំពុងពិភាក្សាពីការប្រើប្រាស់ភាសារុស្ស៊ី នៅក្នុងប្រទេសអ៊ុយក្រែនក្នុងការចរចាជាមួយប្រទេសរុស្ស៊ី ប៉ុន្តែបានច្រានចោលការពិភាក្សាការទាមទារផ្សេងទៀតរបស់រុស្ស៊ី ដូចជាការធ្វើឲ្យប្រទេសអ៊ុយក្រែនក្លាយជាប្រទេសគ្មានយោធា។ លោកថា កិច្ចព្រមព្រៀងសន្តិភាពនឹងមិនអាចធ្វើទៅរួចឡើយ បើគ្មានបទឈប់បាញ់ និងការដកកងទ័ពរុស្ស៊ីចេញពីអ៊ុយក្រែន៕
អត្ថបទ៖ សុខមាន