នៅក្នុងសេចក្ដីអត្ថាធិប្បាយដំបូងរបស់ខ្លួនចាប់តាំងពីបានឡើងកាន់តំណែងបន្តពីឪពុកដែលបានទទួលមរណៈភាព មេដឹកនាំកំពូលថ្មីរបស់អ៊ីរ៉ង់ លោក Mojtaba Khamenei បានថ្លែងប្រកបដោយជំហរយ៉ាងរឹងរូសបំផុតថា អ៊ីរ៉ង់នឹងបន្តប្រយុទ្ធ ហើយនឹងធ្វើឱ្យ «សត្រូវស្ដាយក្រោយ» ខណៈប្ដេជ្ញាថានឹងបន្តបិទច្រកសមុទ្រហ័រមូសដ៏សំខាន់ ដើម្បីទុកជាលក្ខខណ្ឌចរចាជាមួយសហរដ្ឋអាមេរិក និងអ៊ីស្រាអែល។

ប៉ុន្មានម៉ោងក្រោយមក នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បានប្រើប្រាស់សន្និសីទសារព័ត៌មានលើកដំបូងរបស់លោកចាប់តាំងពីសង្គ្រាមបានផ្ទុះឡើង ដើម្បីចេញសារព្រមានដោយប្រយោលថានឹងតាមសម្លាប់លោក Mojtaba ខណៈលោកក៏និយាយការពារការវាយប្រហារដោយយោធារបស់អ៊ីស្រាអែល លើអ៊ីរ៉ង់ ដែលបានឆក់យកជីវិតមនុស្សរាប់ពាន់នាក់ និងបង្កភាពរង្គោះរង្គើដល់ទីផ្សារថាមពល និងទីផ្សារភាគហ៊ុន។ លោក Netanyahu បាននិយាយថា៖ «លោកនឹងមិនចេញគោលការណ៍ធានារ៉ាប់រងជីវិតដល់មេដឹកនាំណាម្នាក់នៃអង្គការភេរវកម្មនោះទេ»។

នៅអ៊ីរ៉ង់ លោក Mojtaba មិនបានបង្ហាញខ្លួនដោយផ្ទាល់ទេ ហើយសុន្ទរកថារបស់លោកត្រូវបានអានដោយអ្នកសម្របសម្រួលកម្មវិធីទូរទស្សន៍រដ្ឋ។ ពុំមានរូបភាពថ្មីណាមួយរបស់លោកត្រូវបញ្ចេញឱ្យឃើញឡើយ ចាប់តាំងពីការវាយប្រហាររបស់អ៊ីស្រាអែលនៅដើមសង្គ្រាម ដែលបានសម្លាប់សមាជិកគ្រួសាររបស់លោកជាច្រើននាក់ រួមទាំងឪពុក និងភរិយារបស់លោកផងដែរ។ សេចក្ដីថ្លែងការណ៍របស់លោក Mojtaba បានអំពាវនាវឱ្យប្រទេសជិតខាងរបស់អ៊ីរ៉ង់ បិទមូលដ្ឋានទ័ពអាមេរិកលើទឹកដីរបស់ពួកគេ ហើយព្រមានថា អ៊ីរ៉ង់នឹងបន្តកំណត់គោលដៅវាយប្រហារលើមូលដ្ឋានទាំងនោះ។
អាមេរិក និងអ៊ីស្រាអែល អះអាងថា យោធារបស់ពួកគេបានបាញ់កម្ទេចស្តុកអាវុធរយៈចម្ងាយឆ្ងាយភាគច្រើនរបស់អ៊ីរ៉ង់ ប៉ុន្តែទោះជាយ៉ាងនេះក្ដី យានដ្រូនអ៊ីរ៉ង់ជាច្រើនគ្រឿង ត្រូវរាយការណ៍ថា នៅតែបន្តហោះចូលទៅក្នុងប្រទេសកូវ៉ែត អ៊ីរ៉ាក់ អារ៉ាប់រួម បារ៉ែន និងអូម៉ង់ជាដើម៕

