មន្ត្រីរដ្ឋាភិបាលប៉ាគីស្ថានបីរូបបានប្រាប់សារព័ត៌មានរ៉យទ័រថា កិច្ចខិតខំប្រឹងប្រែងសម្របសម្រួលរបស់ចិនបានជួយសម្រាលលែងឲ្យមានការប៉ះទង្គិចគ្នាថ្មីៗនេះរវាងប៉ាគីស្ថាន និងអាហ្វហ្គានីស្ថានតាមបណ្តោយព្រំដែនរួមរបស់ពួកគេ បន្ទាប់ពីភាពតានតឹងបានកើនឡើងនៅក្នុងការប្រយុទ្ធគ្នាដ៏ខ្លាំងក្លាបំផុតមួយចំនួនចាប់តាំងពីក្រុមតាលីបង់បានវិលត្រឡប់មកកាន់អំណាចវិញនៅឆ្នាំ ២០២១។

មន្ត្រីទាំងនោះបាននិយាយថា កិច្ចខិតខំប្រឹងប្រែងការទូតរបស់ទីក្រុងប៉េកាំងរួមមានកិច្ចប្រជុំរវាងឯកអគ្គរដ្ឋទូតចិនប្រចាំប៉ាគីស្ថាន លោក Jiang Zaidong និងនាយករដ្ឋមន្ត្រីប៉ាគីស្ថាន លោក Shehbaz Sharif កាលពីចុងខែកុម្ភៈ។
យោងតាមសារព័ត៌មានរ៉យទ័រខាងលើមិនមានរបាយការណ៍អំពីការវាយប្រហារតាមអាកាសរបស់ប៉ាគីស្ថានក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះទេ ហើយការប្រយុទ្ធគ្នានៅលើដីតាមបណ្តោយព្រំដែនបានថយចុះ ទោះបីជាការប៉ះទង្គិចគ្នាម្តងម្កាលនៅតែបន្តក៏ដោយ ។
ក្រសួងការបរទេសចិនបាននិយាយថា ទីក្រុងប៉េកាំង បានសម្របសម្រួលរវាងប៉ាគីស្ថាន និងអាហ្វហ្គានីស្ថានតាមរយៈបណ្តាញផ្ទាល់ខ្លួន ហើយត្រៀមខ្លួនរួចជាស្រេចដើម្បីបន្តដើរតួនាទីស្ថាបនាក្នុងការបន្ធូរបន្ថយស្ថានការណ៍។
រដ្ឋមន្ត្រីការបរទេស លោក Wang Yi បាននិយាយកាលពីថ្ងៃអង្គារសប្ដាហ៍នេះថា អ្នកការទូត និងបេសកជនពិសេសរបស់ចិន បានទាក់ទងជាមួយមន្ត្រីនៅក្នុងប្រទេសទាំងពីរដើម្បីលើកទឹកចិត្តដល់ការចរចា។
រដ្ឋមន្ត្រីការពារជាតិអាហ្វហ្គានីស្ថាន លោក Mohammad Yaqoob បាននិយាយក្នុងបទសម្ភាសន៍ថ្មីៗនេះថា ទីក្រុងកាប៊ុលពុំបានស្វែងរកការបង្កើនជម្លោះនោះទេ ហើយជឿជាក់ថាជម្លោះជាមួយប៉ាគីស្ថានអាចត្រូវបានដោះស្រាយតាមរយៈការចរចា៕

