ក្រុមព្រះខ័នរាជស្វាយរៀង បានឡើងទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ នៃពានរង្វាន់ជើងឯកក្លិបបាល់ទាត់លំដាប់ទី៣ អាស៊ី AFC Challenge League 2025/26 ក្រោយយកឈ្នះក្រុមភ្នំពេញក្រោន សរុបទាំង ២ជើង ក្នុងលទ្ធផល ៦-២ បន្ទាប់ពីបន្ដវាយបកឈ្នះ ២-១ ក្នុងជំនួបជើងទី២ នៃវគ្គ ៨ក្រុមចុងក្រោយ កាលពីរាត្រីថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦ នៅពហុកីឡដ្ឋានជាតិមរតកតេជោ។

ជំនួបដ៏ស្វិតស្វាញចំពោះមុខអ្នកទស្សនាផ្ទាល់ ១២,១៧៣នាក់នេះ ភ្នំពេញក្រោន នៅតែជាក្រុមរកបានគ្រាប់បាល់នាំមុខមុន ដោយកីឡាករ Moses Dyer នៅនាទី៤៥+៣ ។ បន្ទាប់មកព្រះខ័នរាជស្វាយរៀង ក៏វាយបកបាន ២គ្រាប់វិញ នៅដើមវគ្គទី២ ដោយកីឡាករ Takasi Odawara នៅនាទី៥១ និងនាទី៦០ ហើយលទ្ធផលនេះ ក៏បានរក្សាដល់ចប់ការប្រកួតពេញម៉ោង។

ក្រោយចប់ការប្រកួតលោក Oleg Starynskyi បានអរគុណកូនក្រុម ដែលខំប្រឹងមិនបោះបង់ ទោះបីលទ្ធផលពីជើងទី១ បានផ្ដល់ផលលំបាក តែពួកគេព្យាយាមដល់វនាទីចុងក្រោយ។ បែបនេះក្ដីលោកបានទទួលស្គាល់ពីភាពខ្លាំងរបស់ព្រះខ័នរាជស្វាយរៀង ដែលប្រមូលផ្ដុំដោយកីឡាករល្អៗ និងក្រុមការងារគ្រូដ៏ល្អ ហើយលោកក៏ជូនពរឲ្យក្រុមតំណាងកម្ពុជានេះ ទទួលបានជោគជ័យនៅវគ្គបន្ដផងដែរ។

ដោយឡែកគ្រូបង្វឹកព្រះខ័នរាជស្វាយរៀង លោក McConkey Matthew ក៏ដូចជាកីឡាករ Odawara ថា ការប្រកួតជើងទី២ នេះ មិនងាយស្រួលនោះទេ រហូតបង្កឲ្យក្រុមមានក្ដីបារម្ភ បន្ទាប់ពីត្រូវភ្នំពេញក្រោននាំមុខ ១គ្រាប់ទៀតផង។ យ៉ាងណាលោកក៏សរសើរកូនក្រុម ដែលធ្វើបានយ៉ាងល្អ ហើយលោកនឹងព្យាយាមបន្ថែមទៀត នៅវគ្គបន្ទាប់ ដែលត្រូវជួបក្រុម Manila Digger របស់ហ្វីលីពីន។

ក្រោយបន្ដយកឈ្នះភ្នំពេញក្រោន ទាំង ២ជើងក្នុងវគ្គ ៨ក្រុមចុងក្រោយ ព្រះខ័នរាជស្វាយរៀង នឹងត្រូវជួបក្រុម Manila Digger ជាថ្មី នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ដ្បិតកាលពីវគ្គចែកពូលពានលំដាប់ទី៣ អាស៊ីនេះ ក្រុមទាំងពីរ ធ្លាប់ជួបគ្នាម្ដងរួចមកហើយ នៅពហុកីឡដ្ឋានជាតិមរតកតេជោ ដោយលទ្ធផលស្មើគ្នា ២-២។

ជំនួបវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ រវាងក្រុមខ្លាំងកម្ពុជា និងហ្វីលីពីននេះ នឹងធ្វើឡើង ២ជើង ដើម្បីកាត់សេចក្ដីក្រុមឈ្នះឡើងទៅវគ្គផ្ដាច់ព្រ័ត្រ ដោយជើងទី១ គ្រោងនឹងប្រកួតនាថ្ងៃទី៩ ខែមេសា នៅពហុកីឡដ្ឋានជាតិមរតកតេជោ និងជើងទី២ ក្រុម Manila Digger ត្រូវធ្វើម្ចាស់ផ្ទះ នៅទឹកដីហ្វីលីពីនវិញម្ដង នាថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៦ ខាងមុខ៕ អត្ថបទ លី ឈុនឡា




