ក្រុមព្រះខ័នរាជស្វាយរៀង និងភ្នំពេញក្រោន នឹងត្រូវធ្វើការងារធ្ងន់រៀងៗខ្លួន ក្នុងជំនួបលីគកំពូលកម្ពុជា សប្ដាហ៍ទី២៥ នាថ្ងៃទី១៥ ខែមីនាចុងសប្ដាហ៍នេះ បន្ទាប់ពីក្រុមទាំងពីរ ទើបបញ្ចប់ការប្រកួតជើងទី២ ក្នុងវគ្គ ៨ក្រុមចុងក្រោយ នៃពានរង្វាន់ AFC Challenge League 2025/26 កាលពីយប់មិញ។
សម្រាប់ព្រះខ័នរាជស្វាយរៀង នឹងត្រូវជួបក្រុមភ្ញៀវអង្គរថាយហ្គឺរ នៅពហុកីឡដ្ឋានជាតិមរតកតេជោ ខណៈភ្នំពេញក្រោន ត្រូវបើកទ្វារផ្ទះទទួលក្រុមបឹងកេត ។ រីឯជំនួប Top-6 មួយប្រកួតទៀត គឺក្រុមណាហ្គាវើលដ៏ ត្រូវជួបក្រុមកំពុងឡើងជើង អឹមអូអាយ កំពុងដេវ៉ា នៅកីឡដ្ឋានវិសាខា នាល្ងាចថ្ងៃអាទិត្យដូចគ្នា។
ចំពោះលទ្ធផលការប្រកួតចុងក្រោយរបស់ព្រះខ័នរាជស្វាយរៀង គឺបានស្មើណាហ្គាវើលដ៏ ១-១ គ្រាដែលភ្នំពេញក្រោន ចាញ់ អឹមអូអាយ កំពង់ដេវ៉ា ២-១។ លទ្ធផលនេះ បានធ្វើឲ្យគម្លាតពិន្ទុរវាងក្រុមលំដាប់កំពូលតារាងទាំងពីរ កាន់តែដាច់ឆ្ងាយ ដោយព្រះខ័នរាជស្វាយរៀង មាន ៥៥ពិន្ទុ គ្រាដែលភ្នំពេញក្រោន មាន ៤៧ពិន្ទុ។
ដូច្នេះការប្រកួតថ្ងៃអាទិត្យនេះ សុទ្ធតែជាប្រកួតសំខាន់ ពិសេសភ្នំពេញក្រោន ដែលកំពុងចាញ់ប្រៀប ៨ពិន្ទុពីក្រុមកំពូលតារាង ត្រូវការជ័យជម្នះចាំបាច់ ដើម្បីរក្សាឱកាស ខណៈព្រះខ័នរាជស្វាយរៀង ក៏ត្រូវការឈ្នះដូចគ្នា ដើម្បីពង្រឹងកៅអីកំពូលតារាង និងឈានទៅគ្រងតំណែងជើងឯកជាថ្មី ស្របពេលបច្ចុប្បន្នក្រុមនីមួយៗ សល់ ៨ប្រកួតក្នុងដៃស្មើគ្នា។
ចំណែកការប្រកួតរវាងបេក្ខភាពខាងក្រោមទាំង ៥ ឬ Bottom-5 វិញ នឹងធ្វើឡើងនៅថ្ងៃទី១៤ ខែមីនាស្អែក ដោយក្រុមវិសាខា ត្រូវបើកទ្វារផ្ទះទទួលក្រុម ISI ដង្កោសែនជ័យ និងក្រុមឡាយហ្វខេត្តព្រះសីហនុ ត្រូវជួបក្រុមភ្ញៀវកងយោធពលខេមរភូមិន្ទ នាវេលាម៉ោង ៦ល្ងាចដូចគ្នា៕ អត្ថបទ លី ឈុនឡា
