អ៊ីរ៉ង់ បានសន្យាកាលពីថ្ងៃព្រហស្បតិ៍ ទី១២ ខែមីនា ថា នឹងធ្វើឱ្យសហរដ្ឋអាមេរិកសោកស្តាយចំពោះការវាយប្រហារលើសាធារណរដ្ឋអ៊ីស្លាម និងបាននិយាយថា ខ្លួននឹងបន្តការបិទច្រកសមុទ្រ Hormuz ដែលបានធ្វើឱ្យតម្លៃប្រេងកើនឡើង។

ទីភ្នាក់ងារថាមពលអន្តរជាតិបានព្រមានថា សង្គ្រាមនៅមជ្ឈិមបូព៌ាអាចនាំឱ្យមាន «ការរំខានដល់ការផ្គត់ផ្គង់ធំបំផុត» នៅក្នុងប្រវត្តិសាស្ត្រឧស្សាហកម្មប្រេង ប៉ុន្តែប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump បានសរសេរនៅលើបណ្តាញផ្សព្វផ្សាយសង្គមថា ការកម្ចាត់ «ដែនដីដ៏អាក្រក់» របស់អ៊ីរ៉ង់ គឺសំខាន់ជាងតម្លៃប្រេងឆៅ។

លោក Trump បានប្រឈមនឹងសម្ពាធនយោបាយខ្លាំង ខណៈផលប៉ះពាល់លើសេដ្ឋកិច្ចពិភពលោកកើតចេញពីវិបត្តិនេះបានកើនឡើង ហើយលោកបានផ្តល់សារចម្រុះអំពីពេលវេលាដែលយុទ្ធនាការរបស់សហរដ្ឋអាមេរិក អាចបញ្ចប់។ ប្រធានសន្តិសុខអ៊ីរ៉ង់ លោក Ali Larijani បាននិយាយនៅលើបណ្តាញ X ថា យើងនឹងមិនចុះចាញ់ទេ រហូតដល់ធ្វើឱ្យអ្នកសោកស្តាយចំពោះការប៉ានស្មានខុសធ្ងន់ធ្ងរនេះ។ ការអត្ថាធិប្បាយរបស់លោក បានធ្វើឡើងបន្ទាប់ពីមេដឹកនាំកំពូលថ្មីរបស់អ៊ីរ៉ង់ លោក Mojtaba Khamenei បានចេញសេចក្តីថ្លែងការណ៍ដ៏តឹងរ៉ឹងមួយ ជាលើកដំបូងរបស់លោកចាប់តាំងពីត្រូវបានតែងតាំងកាលពីថ្ងៃអាទិត្យសប្តាហ៍មុន បន្ទាប់ពីការស្លាប់របស់ឪពុកលោក និងជាអ្នកកាន់តំណែងមុន លោក Ali Khamenei ក្នុងការវាយប្រហារ។ លោក Mojtaba Khamenei តាមសេចក្តីរាយការណ៍ថាបានរងរបួស នៅមិនទាន់បានបង្ហាញខ្លួនជាសាធារណៈនៅឡើយទេចាប់តាំងពីការតែងតាំងរបស់លោក ហើយសាររបស់លោកដែលអំពាវនាវឱ្យមានការសងសឹក ត្រូវបានផ្សព្វផ្សាយនៅលើកញ្ចក់ទូរទស្សន៍រដ្ឋ។
លោក Khamenei បាននិយាយអំពីផ្លូវទឹកដែលពាណិជ្ជកម្មប្រេងតាមសមុទ្រមួយភាគបួនរបស់ពិភពលោកជាធម្មតាឆ្លងកាត់ថា «ត្រូវតែប្រើកម្លាំងដើម្បីបិទច្រកសមុទ្រ Hormuz»។