ភ្នំពេញ៖ កម្ពុជាបានប្រកាសពីការរកឃើញ ២២៤នាក់ទៀត បានឆ្លងមេរោគកូវីដ-១៩នៅទូទាំងប្រទេស ដែលនាំឱ្យករណីឆ្លងសរុបនៅកម្ពុជាកើនឡើងដល់ជាង ១១៤ ០០០នាក់ហើយគិតត្រឹមថ្ងៃនេះ។
ក្នុងសេចក្ដីប្រកាសព័ត៌មាននៅថ្ងៃនេះ ក្រសួងសុខាភិបាលបញ្ជាក់ថា មនុស្ស ២២៤នាក់ទៀត ត្រូវបានធ្វើរកឃើញឆ្លងមេរោគកូវីដ-១៩ ដែលលទ្ធផលនេះ បានមកពីការធ្វើតេស្តដោយម៉ាស៊ីន PCR។
ក្រសួងសុខាភិបាលបានឱ្យដឹងទៀតថា មនុស្ស ១០នាក់ទៀត ក៏បានស្លាប់ដោយសារជំងឺកូវីដ-១៩ផងដែរ ដែលនាំឱ្យតួលេខអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩នៅកម្ពុជា កើនឡើងដល់ចំនួន ២ ៤៤១នាក់។
បើតាមក្រសួងសុខាភិបាល មនុស្សរហូតដល់ ១១៤ ១៤៨នាក់ហើយ ត្រូវបានរកឃើញឆ្លងមេរោគកូវីដ-១៩នៅទូទាំងប្រទេសកម្ពុជាគិតចាប់តាំងពីចុងខែមករាឆ្នាំ២០២០កន្លងមកនោះ។
ទោះជាយ៉ាងណា ក្រសួងសុខាភិបាលបញ្ជាក់ថា អ្នកជំងឺកូវីដ-១៩សរុបដល់ទៅ ១០៦ ២៩២នាក់ហើយ ត្រូវបានព្យាបាលជាសះស្បើយឡើងវិញ ក្នុងនោះមានទាំងអ្នកជាសះស្បើយថ្មីចំនួន ៤៩៩នាក់ ដែលក្រសួងប្រកាសនៅថ្ងៃនេះផងដែរ៕